ខេត្តតាកែវ៖ សែនសាហាវ!! សាហាវខ្លាំងណាស់! ក្រុមស្ទាវខ្លះ ប្រមូលផ្តុំគ្នាប្រព្រឹត្តតែអំពើមិនគប្បីក្នុងសង្គម មិនសង្វាតសូត្ររៀន ធ្វើឱ្យអាណាព្យាបាលស្ទើរដំបៅទ្រូង។
ជាក់ស្តែងដូចជាវីដេអូកាមេរ៉ាមួយ ដែលគេបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម facebook បង្ហាញពីក្មេងពាលបួនប្រាំនាក់ជិះឡានមកកាប់យុវជនម្នាក់នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស ខេត្តតាកែវ ដែលពេលនេះកំពុងតែបង្កការភ្ញាក់ផ្អើល និងចែកចាយតៗគ្នា នៅតាមបណ្ដាញសង្គម ហើយសំណូមពរដល់សមត្ថកិច្ចមេត្តាចាត់វិធានការក្រុមជនពាលទាំងនោះផង។
ករណីនេះ លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានប្រាប់សារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះថា ករណីនេះ អំពើវាយកាប់យុវជនម្នាក់នៅក្នុងឃុំកំពែង ស្រុកព្រៃកប្បាស បានកើតឡើងកាលពីថ្ងៃទី១៦ ខែឧសភាឆ្នាំ២០២១ ប៉ុន្ដែខាងជនរងគ្រោះមិនបានធ្វើការប្ដឹងមកសមត្ថកិច្ចយើងទេ តែបន្ទាប់ពីសមត្ថកិច្ចបានឃើញយើងអនុវត្ដនីតិវិធី ហើយក៏បានកំណត់មុខសញ្ញារួចហើយដែរ និងកំពុងស្រាវជ្រាវតាមចាប់មុខសញ្ញាយកមកអនុវត្ដតាមផ្លូវច្បាប់។
សូមបញ្ជាក់ផងដែរថា សមត្ថកិច្ចគួរតែចាត់វិធានការឱ្យបាន ខណៈករណិនេះជាបទល្មើសដ៏សាហាវឃោរឃៅ និងជាការលុបបំបាត់នូវនិទណ្ឌភាព នៃការប្រព្រឹត្តបទល្មើស ដែលសង្គមស្អប់ខ្ពើម ហើយឲ្យជនដៃដល់ទាំងនេះត្រូវទទួលនូវទោសទណ្ឌទៅតាមផ្លូវច្បាប់៕
ដោយ ៖ សិលា