ភ្នំពេញ ៖ ព្រោះតែខឹងឪពុកម្ដាយស្ដីបន្ទោសបន្តិចបន្តួចរឿងផឹកសុីធ្វើឱ្យយុវជនជាកូនកេីតមានកំហឹង និងតូចចិត្តតូចថ្លើមក៏សម្រេចចង.កសម្លាប់ខ្លួននៅក្នុងផ្ទះជួលបណ្ដាលឲ្យស្លាប់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង១០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលំកែងផ្លូវលេខ៣៦៩ ក្នុងភូមិដើមមាក់ក្លឿ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ លឹម សេរីសម្បត្តិ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករថយន្ដ ស្នាក់នៅកន្លែងកេីតហេតុ ។
តាមសម្ដីសាច់ញាតិជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗ ធ្វើឱ្យគេតូចចិត្តគិតថាឪពុកម្ដាយស្រឡាញ់កូនៗមិនស្មើគ្នា ។ លុះមកវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ បងស្រីជនរងគ្រោះបានយកបាយសម្លមកឲ្យជនរងគ្រោះ ហេីយគោះទ្វារមិនមានការឆ្លើយតបក៏បានទម្លុះទ្វារចូលក្នុងក៏ឃើញប្អូនប្រុសចងក.សម្លាប់ខ្លួននៅជាប់មាត់ទ្វារស្លាប់បាត់ទៅហើយ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋជិតខាង និងបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយសមត្ថកិច្ចជំនាញចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យហើយសន្និដ្ឋានថា ជនរងគ្រោះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន ទេីបសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់សពឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ភារ៉ា ដង្កោ