អន្តរជាតិ៖ បេីតាមលោក ហ្សាវ យីមីង (Shao Yiming) អ្នកជំនាញផ្នែកសុខភាព នៅឯមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងរបស់ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភា ឆ្នាំ២០២១នេះ បាននិយាយថា ការសិក្សាបឋមបានបង្ហាញភុស្តតាងឲ្យឃើញ អំពីវ៉ាក់សាំងប្រឆាំង COVID-19 ដែលកំពុងប្រើប្រាស់នៅក្នុងប្រទេសចិន មានប្រសិទ្ធិភាពប្រឆាំងនឹងវីរុស COVID-19 បំប្លែងថ្មីដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា។
អ្នកជំនាញផ្នែកសុខភាពចិនរូបនេះ បានគូសបញ្ជាក់ប្រាប់សន្និសីទកាសែតនៅទីក្រុងប៉េកាំងយ៉ាងដូច្នេះថា៖ ប្រទេសចិន បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការលេចចេញឡើងនូវវីរុស COVID-19 បំប្លែងថ្មី ដែលត្រូវបានរកឃើញដំបូងបង្អស់ នៅក្នុងប្រទេសឥណ្ឌា និងកំពុងធ្វើការសិក្សាស្រាវជ្រាវ អំពីប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ប្រឆាំងនឹងវីរុសបំប្លែងខ្លួនថ្មីនោះ ដោយសារវានឹងបន្តបំប្លែងខ្លួនឥតឈប់ឈរ ដូច្នេះវីរុសបំប្លែងខ្លួនថ្មីជាច្រើនទៀត នឹងលេចចេញឡើងជាបន្តបន្ទាប់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានចិនស៉ីនហួរ បានចុះផ្សាយនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២០ ខែឧសភានេះដែរ។
បន្ថែមពីនេះ លោក ហ្សាវ យីមីង បានបញ្ជាក់ទៀតថា ប្រទេសចិន ក៏មានសមត្ថភាពក្នុងការដាក់ចេញនូវវ៉ាក់សាំងថ្មី ដែលមានប្រសិទ្ធភាពខ្លាំងផងដែរ ប្រសិនបើវ៉ាក់សាំងបច្ចុប្បន្នគ្មានប្រសិទ្ធភាព ប្រឆាំងនឹងវីរុស COVID-19 បំប្លែងខ្លួនថ្មីនោះ៕ដោយ៖ស តារា
រូបថត៖AP
រូបថត៖Li Hao/GT