អាជ្ញាធរខណ្ឌកំបូលចុះពិនិត្យជួសជុលផ្លូវសំបុកមាន់ និងស្តារប្រឡាយក្នុងមូលដ្ឋានរបស់ខ្លូន ដើម្បីជួយសម្រួលចរាចរណ៍

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីធានាឱ្យបាននូវការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅមកនិងប្រកបកិច្ចការងារក្នុងមូលដ្ឋានប្រកបដោយសុខសុវត្ថិភាព និងបង្ការការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សានេះ អាជ្ញាធរខណ្ឌកំបូលបានចាត់មន្រ្តីរបស់ខ្លួនចុះពិនិត្យនិងជួសជុលផ្លូវសំបុកមាន់និងស្តារប្រឡាយបើកមុខទឹកហូរសងខាងផ្លូវក្នុងមូលដ្ឋានដែលត្រូវបានគេចាក់លុបនាពេលកន្លងមក។
ជាក់ស្តែងនៅថ្ងៃទី២១ ខែឧសភានេះ អាជ្ញាធរខណ្ឌកំបូលដឹកនាំដោយលោក សេង គន្ធ អភិបាលរង តំណាងលោកអភិបាលខណ្ឌ បានដឹកនាំកម្លាំងជំនាញចុះស្តារប្រឡាយសងខាងផ្លូវចូលសាលាខណ្ឌ ក្នុងភូមិកប់អំបិល សង្កាត់កំបូលដែលមានប្រវែងប្រមាណជាង២ពាន់ម៉ែត្រ ដើម្បីបើកមុខទឹកឱ្យហូរ បញ្ជៀសការជន់លិចក្នុងរដូវវស្សានេះ ដែលប្រឡាយទាំងនោះត្រូវបានគេចាក់ដីលុបក្នុងរដូវប្រាំងកន្លងមកនេះ។ជាមួយគ្នានោះមន្ត្រីជំនាញក៏បានចុះគូសវាសកំណត់ទីតាំងផ្លូវសំបុកមាន់ដែលរងការខូចខាត ដើម្បីធ្វើការជួសជុលឡើងវិញឱ្យទាន់ពេលវេលា។
លោក សេង គន្ធ អភិបាលរងខណ្ឌកំបូលបានមានប្រសាសន៍ឱ្យដឹងថា បើទោះជាមមាញឹកនឹងការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាអនុវត្តតាមផែនការក្នុងការដឹកជញ្ជូនអំណោយមនុស្សធម៌របស់សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាតាមប្រសាសន៍របស់អភិបាលរាជធានីភ្នំពេញយ៉ាង ណាក៏ដោយ ក៏លោក ឃឹម ស៊ុនសូដា អភិ បាលខណ្ឌកំបូលបានដាក់ផែនការឱ្យមន្រ្តីជំនាញរបស់ខ្លួនចុះពិនិត្យស្ថានភាពផ្លូវ និងប្រឡាយទឹកនានានៅក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
លោក សេង គន្ធ បានបញ្ជាក់ថា មានកំណាត់ផ្លូវជាច្រើនរងការខូចខាតជាបន្តបន្ទាប់ ដោយសាររថយន្តដឹកដី និងរថយន្តដឹកលើសទម្ងន់កំណត់ ដែលទោះយ៉ាងណាអាជ្ញាធរត្រូវធ្វើការជួសជុលឱ្យបានទាន់ពេលវេលានិងតាមលទ្ធភាពដែលអាចធ្វើទៅបាន ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបការងាររកទទួលទានរបស់បងប្អូនប្រជាពលរដ្ឋ ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print