ខេត្តតាកែវ៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តតាកែវ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ បានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៤០នាក់ថ្មីទៀត ដែលជាអាជីវករ ពលករ សិស្ស កុមារ និងកម្មករ-កម្មការនីរោងចក្រ។
បើតាមសេចក្តីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ក្នុងកំឡុងពេលនៃការបន្តផ្អាកជាបណ្តៅអាសន្ន បងប្អូនអាជីវករ និងប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធផ្ទាល់ ឬប្រយោលក្នុងព្រឹត្តិការណ៍ឆ្លងរាលដាលជំងឺកូវីដ១៩ នៅទីតាំងខាងលើ ត្រូវបន្តចូលរួមសហការជាមួយអាជ្ញាធរសមត្ថកិច្ច និងក្រុមការងារសុខាភិបាល ដើម្បីបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធ និងយកសំណាកទៅធ្វើតេស្តជាបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងអនុវត្តចូលរួមតាមវិធានការ «៣ការពារ និង៣កុំ» របស់រាជរដ្ឋាភិបាល និងវិធានការសុខាភិបាលជាចាំបាច់។
គួររម្លឹកថា កាលពីពេលថ្មីៗនេះ លោក ភួន ឈីម អភិបាលនៃគណៈអភិបាលស្រុកបាទី និងជាប្រធានគណៈបញ្ជាការឯកភាពស្រុក សហការជាមួយអាជ្ញាធរពាក់ពន្ធ័ នៅយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ បានអញ្ជើញ ប្រកាសបិទខ្ទប់ “ផ្សារសំរោងយ៉ោង” ជាបណ្ដោះអាសន្ន ដោយសារមានអ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើនអ្នកជាមួយអ្នកមានជំងឺកូវីដ-១៩ ស្ថិតនៅភូមិស្មៅខ្ញី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ដេីម្បីទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ៕ដោយ៖សហការី