ករណី​ចោរគាស់ផ្ទះអ្នកលក់ឡេ​យីហោ​”មក​រា មុំ “​ នៅទួលគោក​ ប្រមាណ​ជាង​៥០​ម៉ឺនដុល្លារ ត្រូវ​នគរបាល​ខណ្ឌសែនសុខ​ ឃាត់ខ្លួន​បាន២នាក់​ បញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ​៖ ទីបំផុត​! ពាក់ព័ន្ធ​ករណី​ចោរគាស់​ផ្ទះអ្នកលក់ឡេយីហោ”​​ មក​រា មុំ “​ ដែល​ជា​តំណាង​ចែកចាយឡេ​របស់​ក្រុមហ៊ុនមួយ​ យក​អស់​ទឹកប្រាក់សរុបប្រមាណ​ជាង​៥០​ម៉ឺនដុល្លារអាមេរិក​ នៅសង្កាត់បឹងសាឡាង​ ខណ្ឌទួលគោក​ ខណៈ​ម្ចាស់​កំពុង​សម្រាក​ព្យាបាល​កូ​វី​ដ​-១៩​នោះ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ចាប់ឃាត់ខ្លួនបាន​២​នាក់ ដកហូត​បាន​តែ​ម៉ូតូ​មួយ​គ្រឿង​ និង​មាស​ប្រមាណ​ជិត​មួយ​តម្លឹង​តែ​ប៉ុណ្ណោះ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ​២០២១នេះ​ បានប​ញ្ជូនខ្លួនទៅ​កាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​។ ដោយ​ឡែក​លុយនិង​គ្រឿង​អលង្ការ​ ដែលលួចបានត្រូវពួកគេសារភាព​ថា លក់​ចែក​គ្នា​ស៊ីចាយ និង​លេងល្បែង​ចាញ់អស់​ ​រីឯ​ទូដែក ត្រូវ​បានជនសង្ស័យ​យក​ទៅ​បោះ​ចោលបាត់​​។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ចនគរបាលខណ្ឌសែនសុខ​​ បន្ថែមទៀតថា​ ជនសង្ស័យ​២នាក់​ដែលត្រូវ​ឃាត់ខ្លួននេះ​ ទី១,ឈ្មោះ សុខ ទី ហៅ ម៉ា​ប់ ភេទ​ប្រុស ​អាយុ៣២​ឆ្នាំ មុខរបរ ពុំ​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជួល ផ្លូវ​បេតុង សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​ និង​ទី២,ឈ្មោះ​សូ រ៉ា ហៅ រ៉ែ​ន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែនជ័យ ​រាជធានីភ្នំពេញ​។​ ការ​ឃាត់ខ្លួន​ជនសង្ស័យ​នេះ បន្ទាប់​ពី​ជនសង្ស័យ​ទាំង​២​នាក់​នោះ បាន​ទៅ​ធ្វើ​សកម្មភាព​លួច ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តុ​ប​ពី​ពណ៌​ក្រហម នៅ​មុខ​បន្ទប់​ផ្ទះជួល តាម​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម កាលពី​វេលា​ម៉ោង​ប្រមាណ​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ ឧសភា ឆ្នាំ ២០២១។ ​

របាយការណ៍​ដដែល​ បន្តថា​ នៅ​មុន​ពេល​ចាប់ខ្លួន​ជនសង្ស័យ​២​នាក់នេះ បាន​ជិះ​ម៉ូតូ​មក​ជួប​ជុំ​គ្នា ហើយ​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មួយ​គ្រឿងម៉ាក​ស្តុ​ប​ពី​ ពណ៌​ក្រហម ស៊េរី​ឆ្នាំ​២០១៥ ពាក់ ស្លាក​លេខ ភ្នំពេញ ​១CQ-៥៤៥២ ដែល​ម្ចាស់កំពុង​តែ​ចត់​ទុក​មុខបន្ទប់​ជួល ។​ នៅ​ក្នុង​សកម្មភាព​ជនសង្ស័យ​លួច​កាច់​សោរ​បាន​សម្រេច​រួច បណ្តើរ​ចេញ ក៏ត្រូវ​បាន​អ្នក​ជិតខាង​ឃើញទាន់​ស្រែក​ចោរ​ៗ​ហើយ ជនសង្ស័យ​ឈ្មោះ សូ រ៉ា ក៏បាន​ផ្តួលម៉ូតូ​នោះ​ចោលរត់គេច​ខ្លួន​ជាមួយឈ្មោះ សុខ​ទី ដែល​ឈប់​ចាំ​មើលផ្លូវ។ ដោយ​មានការ​ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និង​ម្ចាស់​ម៉ូតូ​ក៏បាន​នាំ​គ្នាឃាត់ខ្លួនបាន​ជនសង្ស័យ​ទាំង​២​នាក់ រួច​ប្រគល់​ឲ្យ​​នគរបាល​ប៉ុស្តិ៍​អូរ​បែក​ក្អម ខណ្ឌសែនសុខ​ ដើម្បី​សា​កសួរ។

មន្រ្តី​ដដែល​ បន្ត​​ទៀត​ថា បន្ទាប់​ពី​ឃាត់ខ្លួននាំយកមកសាកសួរ ដោយ​មានការ​សហការ​ពី​មន្រ្តី​ជំនាញ​នគរបាលការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ កំរិត​ស្រាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​នគរបាល​ខណ្ឌ​ទួល​គោក ក៏បាន​បែកធ្លាយ ដែល​កន្លង​មក ជនសង្ស័យបាន​ធ្លាប់​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​អ្នកលក់ឡេងរបស់ មក​រា មុំ ដែល​ជា​តំណាង​ចែកចាយ​ធំ​ក្រុមហ៊ុន​មួយ​ នៅ​សង្កាត់​បឹង​សាឡា​ង​ ។​ ដោយ​យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យ មន្ត្រី​នគរបាល​ ក៏បាន​តាមស្រាវជ្រាវ​រក​ទូរ​ដែក ដែល​ជន​នោះយក​ទៅ​បោះ​ចោលនៅ​តាម​ផ្លូវ៦០​ម៉ែត្រ តែ​រក​ពុំ​ឃើញ ព្រមទាំង​ទៅ​យក​ខ្សែ​កទៅ​លក់​​នៅ​ផ្សារ​កាប់​គោ តែ​ត្រូវ​បាន​អ្នកទិញបដិសេធ​ថា មិន​បាន​ទិញ។

ជនសង្ស័យ​បាន​សារភាពថា ប្រាក់​និង​គ្រឿង​អលង្ការ ដែល​គាស់​បាន​យក​លក់​ចែកលុយ​គ្នា បាន​ម្នាក់​ជាង​៣​ម៉ឺន​ដុល្លារ ហើយយក​ស៊ីចាយ និង​លេងល្បែង​ចាញ់អស់ ។​ ទូរ​ដែកគាស់​យក​លុយ​បាន​ហើយ​យក​ទៅ​បោះចោល​។ ចំណែកប្លង់​ដី​និង​ផ្ទះ​ដុត​ចោលអស់ ។

​ចំពោះ​ការឃាត់ខ្លួន សមត្ថ​ក​ចិ្ច​ស្រាវជ្រាវ ដកហូត​បាន​តែ ម៉ូតូ មួយ​គ្រឿង​ម៉ាក​ZOOMER​ ស៊េរី​​ឆ្នាំ​២០១៧​ ពណ៌​ខ្មៅ​លា​យស ពាក់​ស្លាក​លេខ​ ភ្នំពេញ​ ១GJ-២២៧៤​ជា របស់​ជន​រង​គ្រោះ​ឈ្មោះ ហេង មក​រា ហៅ មក​រា មុំ និង មាស​ប្រមាណ​ជិត​១​​តម្លឹង​​តែ​ប៉ុណ្ណោះ ។

​គួរ​ជម្រាបថា កាលពី​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា ឆ្នាំ​២០២១​ សមត្ថកិច្ច​ចម្រុះ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​សហការ​ជាមួយ​នគរបាល​ខណ្ឌទួលគោក​ដើម្បី​ស្រាវជ្រាវ​ជុំវិញ​ករណី​ចោរ គាស់​ផ្ទះ​មក​រា មុំ ដែល​ជា​តំណាង​ចែកចាយឡេរបស់​ក្រុមហ៊ុន​មួយ​ បន្ទាប់​ពី​ជន​រង​គ្រោះ​ឈ្មោះ ហេង មក​រា ភេទ​ស្រី អាយុ​៣២​ឆ្នាំ​ដែល​គេ​ស្គាល់​ថា មក​រា មុំ ដែល​ជា​តំណាង​ចែកចាយឡេ​របស់​ក្រុមហ៊ុន​មួយ​ សាខា​បឹង​សាឡា​ង បាន​ឡាយ​បង្ហោះ​វី​ដេ​អូ​ពី​មន្ទីរពេទ្យ​កូ​វី​ដ យំទួញសោក​រៀបចំ​ថា ផ្ទះ​របស់​ខ្លួន​ត្រូវ​បាន​ក្រុម​ចោរ​គាស់​ទូរ​ដែក​យក​ប្រាក់​ប្រមាណ​ជាង​៥០​ម៉ឺន​ដុល្លារ​ ខ​ណៈពេលដែល​គាត់​បាន​ចាក់សោ​ផ្ទះ​ទៅ​ព្យាបាល​នៅ​ម​ជ្ឍ​ម​ណ្ឌ​ម៉ូ​ឌែ​ន​២​ក្នុង​សង្កាត់​ចក្រ​អង្រែ​។​ផ្ទះ​ដែល​ត្រូវ​ចោរ​គាស់​នោះ​ផ្ទះ​លេខ​៣៥B​ផ្លូវ​លេខ​២២៨ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

តាម​កា​មេ​រ៉ាសុ​វត្តិភាព ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១​រំលង​អា​ធ្រា​ត្រ​ថ្ងៃ​ទី​១១ ខែ ឧសភា ឆ្នាំ ២០២១ បន្ទាប់​ពី​ផ្ទះ​ចាក់សោរ​ចោល​។

ដោយឡែក​សម្ភា​រៈដែល​បាត់បង់ រួម​មាន ៖ ទូរ​ដែក ១ មាន​ប្រាក់ ៨៥០០០​ដុល្លារ , លុយ​ខ្មែរ ៣​លាន​រៀល ,​ខ្សែ​ក​ពេជ្រ​ចំនួន ២​ខ្សែ​,​ចិញ្ចៀនពេជ្រ​២​វង់​,​ខ្សែ​ក​មាស​ចំនួន​២​តំឡឹង​, ខ្សែដៃ​ផ្លា​ទី​ន ១​តំឡឹង​កន្លះ ,​ចិញ្ចៀនមាស​ជា​កង​តូច​ៗ​ជា​ច្រើន​វង់​១​តំឡឹង​កន្លះ​,​ប្លង់​ដី​ចំនួន​៥​សន្លឹក ,​ប្លង់​ផ្ទះ​ចំនួន​២​សន្លឹក​,​សៀវភៅ​គ្រួសារ​១,​ កូនជ្រូក​​សន្សំលុយ​ចំនួន១ ​មាន​លុយ​ប្រហែល​១៥០០០​ដុល្លារ និង​ម៉ូតូ​មួយ​គ្រឿង ។​ បន្ទាប់​ពី​គាស់​ផ្ទះ​បាន​រយៈ​ពេលប្រមាណ​១១​ថ្ងៃ​ជនសង្ស័យ ក៍បាន​ទៅ​ធ្វើ​សកម្មភាព​លួច ម៉ូតូ​ទៀត ក៍​ត្រូវ​បាន​សមត្ថកិច្ច ឃាត់ខ្លួន​បាន​តែ​ម្តង ។

បច្ចុប្បន្ន​ជនសង្ស័យនៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែឧសភា ឆ្នាំ២០២១​នេះ​ កម្លាំងនគរបាល​ខណ្ឌសែនសុខ​ បានប​ញ្ជូនខ្លួនទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print