មន្ត្រីអាវុធហត្ថដែលចាក់អតីតប្រពន្ធ ទោះជាលាក់ខ្លួនក៏មិនអាចគេចបានយូរដែរ ខណ:អាវុធហត្ថខេត្តកំពង់ធំ ប្រកាសផ្ដល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួនរបស់មន្ដ្រីអាវុធហត្ថម្នាក់នេះ !

ចែករំលែក៖

ខេត្តកំពង់ធំ, អាវុធហត្ថខេត្តកំពង់ធំ ប្រកាសផ្ដល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួនរបស់មន្ដ្រីអាវុធហត្ថម្នាក់ ដែលចាក់អតីតប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់ និងរក្សាការសម្ងាត់ជូន ដើម្បីឈានដល់ការឃាត់ខ្លួនយកមកផ្តន្ទាទោសក្នុងបទល្មើសព្រហ្មទណ្ឌ។

សូមជម្រាបថា នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១កន្លងទៅ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មានថា ,កម្លាំងអាវុធហត្ថជំនាញកំពុងស្រាវជ្រាវ តាមចាប់ខ្លួនបុគ្គលិកអាវុធហត្ថខេត្តកំពង់ធំម្នាក់ ដែលចាក់អតីតភរិយាបណ្ដាលឲ្យរងរបួសធ្ងន់។

នាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់ទៀតថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឲ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។
ដោយឡែក,  បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ បានជូនដំណឹងពីការស្វែងរកតាមចាប់ឃាត់ខ្លួន និងផ្ដល់រង្វាន់ជូនអ្នករាយការណ៍ពីទីតាំងលាក់ខ្លួន របស់បុគ្គលអាវុធហត្ថម្នាក់ដែលកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពចាក់ប្រហារ ទៅលើអតីតប្រពន្ធបណ្ដាលឲ្យរបួសធ្ងន់ កាលពីពេលកន្លងទៅថ្មីៗនេះ។

តាមរយៈ Facebook នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ និងបន្តចែកចាយដល់ថ្ងៃនេះ គឺខាង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានបង្ហាញរូបថតរបស់ជនសង្ស័យ និងឈ្មោះរបស់ជនសង្ស័យផងដែរ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋផ្ដល់ព័ត៌មាន ហើយសមត្ថកិច្ចនឹងរក្សាការសម្ងាត់ជូន។

ក្នុងផេកបានបញ្ជាក់ថា, ក្នុងករណីប្រជាពលរដ្ឋប្រទះឃើញជនសង្ស័យ ឈ្មោះ ស្រ៊ន ពេជ្ររស្មី សូមរាយការណ៍ជូនសមត្ថកិច្ចដែលនៅក្បែរជាបន្ទាន់ ឬរាយការណ៍ទៅលេខទូរស័ព្ទរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ធំ តាមរយៈលេខ 097 777 7776, 097 545 5555, 096 616 6666, 017 777 998, 068 762 222, 012 771 909។
សូមរំ់ឮកថា , មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅស្រុកសណ្តាន់ បានយកកាំបិតចាក់អតីតភរិយាជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់ ហើយស្រ្តីរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យឯកជន។ ករណីអំពើហិង្សានេះបានកើតឡើង នៅភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។
នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានយកចិត្តទុកដាក់ជម្រុញអោយកងកម្លាំងដែលជាអ្នកអនុវត្តច្បាប់ ប្រើជំនាញគ្រប់បែបយ៉ាង ដើម្បីឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យ ជានាយអាវុធហត្ថរូបនេះ អោយខានតែបាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print