ខេត្តកំពង់ឆ្នាំង ៖ ក្មេងប្រុសអាយុ២ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ក្នុងទឹកស្រះ ក្បែរផ្ទះខណ:ឪពុកម្តាយជាប់ធ្វើការនៅក្នុងផ្ទះ។
ហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលកាលរពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិថ្លុកជ្រៅ ឃុំអញ្ចាញរូង ស្រុកបរិបូណ៍ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលអញ្ចាញរូងបានឱ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ ខេង ឃីន អាយុ ០២ ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើ ។
សមត្ថកិច្ចដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុក្មេងរងគ្រោះបានដើរចេញពីផ្ទះបាត់ខណ:ឪពុកម្តាយជាប់ធ្វើការងារក្នុងផ្ទះ ហើយនឹកស្មានថា ក្មេងប្រុសរងគ្រោះ នៅលេងផ្ទះអ្នកជិតខាងដូចរាល់ដងក៏មិនបានចាប់អារម្មណ៍។ ដោយបាត់កូនយូរពេកមិនឃើញត្រឡប់មកផ្ទះវិញក៏ដើរសួររកតាមផ្ទះអ្នកជិតខាងតែនៅតែរកមិនឃើញ ដដែលទើបនាំគ្នាដើររកកន្លែងផ្សេង។មួយសន្ទុះស្រាប់តែប្រទះឃើញសពក្មេងប្រុសរងគ្រោះនេះ លង់ទឹកស្រះក្បែរផ្ទះស្លាប់បាត់ទៅហើយ ។
ក្រោយពីរកឃើញសពក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចនគរបាលស្រុក ។ ពេលសមត្ថកិច្ចមកពិនិត្យមើលសាកសព បានសន្និដ្ឋានថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏បានប្រគល់សាកសពជូនក្រុមគ្រួសារទៅធ្វើបុណ្យតែម្តង ៕