ខេត្តកំពង់ចាម៖ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ចាម លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកកោះសូទិន បានអញ្ជើញជួបប្រជុំ ពិនិត្យការងាររបស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ។
លោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុកកោះសូទិន ខេត្តកំពង់ចាម បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងបានបង្ហាញពីសមិទ្ធផលថ្មីៗដែលក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះសូទិនសម្រេចអនុវត្តបានក្នុងរយៈពេលកន្លងមក ទាំងលើកិច្ចការស្តារ កសាងនូវរាល់សមិទ្ធផលនានាបានជាច្រើន ដែលបម្រើដល់វិស័យពុទ្ធចក្រ និងអាណាចក្រ បានកាន់តែរីកចម្រើនជាបន្តបន្ទាប់។ ជាមួយគ្នានេះការងារ មនុស្សធម៌ លោកខៀវ កាញារីទ្ធ និងលោកស្រីជាភរិយា រួមទាំងក្រុមការងារទាំងអស់តែងតែបាននាំយកនូវអំណោយ ចែកជូនដល់ប្រជាពលរដ្ឋក្រក្រី អ្នកជួបវិបត្តិក្នុងគ្រួសារខ្វះខាតក្នុងជីវភាពរស់នៅក៏ដូចជាបងប្អូនដែលជួបគ្រោះធម្មជាតិ ស្រ្តីឆ្លងទន្លេ មានជំងឺប្រចាំកាយជាដើម។ ទាក់ទងនឹងសភាពការណ៍ការពារទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្រុកបានខិតខំផ្សព្វផ្សាយតាមការប្រជុំ តាមឧគ្ឃោសន ស័ព្ទផ្សព្វផ្សាយតាមមូលដ្ឋាន ភូមិ ឃុំ អំពីវិធានការរបស់រាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល ពិសេសការអនុវត្ត៣ កុំ ៣ការពារ ។ នៅទូទាំងស្រុកកោះសូទិន មានមណ្ឌលចត្តាឡីស័ក១កន្លែង គឺនៅសាលាពុទ្ធិកវត្តដំណាក់ព្រីង ។ ក្នុងរយៈពេលកន្លងមកនេះ មន្ត្រីសុខាភិបាលបានរកឃើញអ្នកវិជ្ជមានជំងឺកូវីដ ចំនួន៣នាក់ សុទ្ធតែនាំចូលពីក្រៅ ក្នុងនោះជាសះស្បើយ២នាក់ នៅសម្រាកព្យាបាល១នាក់ ។ ប្រជាពលរដ្ឋប៉ះពាល់ដោយផ្ទាល់ចំនួន៨នាក់។ ប៉ះពាល់ដោយ ប្រយោល៣៦នាក់ ។
លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានចាត់ទុកលទ្ធផលការងារដែលក្រុមការងារថ្នាក់ជាតិចុះជួយស្រុកកោះសូទិនអនុវត្តបាននាពេលកន្លងមកនេះ គឺជាការបង្ហាញនូវកិច្ចខិតខំប្រឹងប្រែងរួមសហការគ្នា ធ្វើឱ្យសម្រេចបាននូវផែនការសកម្មភាព ដែលបានដាក់ចេញ ពិសេសកិច្ចការងារមនុស្សធម៌ ជួយដល់ជនទីទាល់ក្រ ខ្វះខាត ជីវភាពរស់នៅប្រចាំថ្ងៃ និងអ្នកជួបគ្រោះធម្មជាតិផ្សេងៗ រួមទាំងការចូលរួមកសាងសមិទ្ធផលនានាជា ច្រើនទៀតផងដែរ។
លោករដ្ឋមន្រ្តី ក៏បានលើកឡើងពីបញ្ហាសំខាន់ៗចំនួនបី ដែលអាជ្ញាធរដែនដី មន្រ្តីសមត្ថិកច្ចគ្រប់លំដាប់ថ្នាក់ត្រូវរួមគ្នាទប់ស្កាត់ឱ្យបាន គឺការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយបានទូលំទូលាយ ពីវិធានការពារឱ្យបានល្អ ដើម្បីកាត់បន្ថយការចម្លង ។ ជាមួយនេះត្រូវបន្តសកម្មភាពការងារបង្ការនិង ទប់ស្កាត់ លុបបំបាត់បញ្ហា គ្រឿងញឿន និងល្បែងស៊ីសងក្នុងមូលដ្ឋាន ភូមិ ឃុំ ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់បងប្អូនប្រជាពលរដ្ឋ ។
ឆ្លៀតក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានជំរុញ លើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តី ក៏ដូចជាក្រុមការងារទាំងអស់ដែលបានចុះមកជួយការងារនៅក្នុងស្រុកកោះសូទិន ត្រូវបន្តរួមសហការសាមគ្គីគ្នាឱ្យបានកាន់តែរឹងមាំថែមទៀត ហើយសម្រាប់ថ្នាក់ដឹកនាំ ស្រុក ឃុំ ភូមិ ត្រូវមានស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ ផ្អែកលើយុត្តិធម៏ មានភាពស្មោះត្រង់ និងមានវិន័យក្នុងកិច្ចការងារ ទើបអាចរួមគ្នាបំពេញរាល់ភារកិច្ចទទួលបានជោគជ័យថ្មីៗបន្ថែមទៀតក្នុងការបម្រើដល់ប្រជាពលរដ្ឋ ស្របតាមគោលការណ៍ និងផែនការសកម្មភាពការងារ របស់ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីរួមគ្នាអនុវត្តឱ្យបានល្អ។
ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បាននាំយកនូវថវិកាចែកជូនដល់សមាជិក សមាជិកា នៃអង្គប្រជុំ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងជូនដល់កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងយោធាស្រុកកោះសូទិន ។ ជាមួយនេះ បានផ្តល់ជូនថវិកាជាង៧លានរៀលសម្រាប់ជួសជុល ផ្លូវក្នុងឃុំមហាលាភ និង សន្យាជួយទិញរថយន្តពេទ្យ១គឿងប្រគល់ជូនដល់ មន្ទីរពេទ្យបង្អែកស្រុកកោះសូទិន ទុកសម្រាប់ដឹកបងប្អូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន ដែលត្រូវទៅព្យាបាលសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យខេត្ត ឬមករាជធានីភ្នំពេញ។
នៅព្រឹកថ្ងៃដដែលនេះដែរ លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ រួមដំណើរដោយ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួងព័ត៌មាន បានអញ្ជើញទៅពិនិត្យ មើលទីតាំងត្រៀមរៀបចំកន្លែងធ្វើចក្តាឡីស័ក និងព្យាបាលកម្រិតស្រាល សម្រាប់អ្នកសង្ស័យ ឬឆ្លងជំងឺកូវីដ-១៩ ដែលទីតាំងថ្មីនេះធ្វើក្នុងអគារវិទ្យាល័យជីហែ ស្រុកកោះសូទិន ខេត្តកំពង់ ចាម។ សម្រាប់ទីតាំងមុនដែលគ្រោងទុកសម្រាប់ធ្វើជាកន្លែងមណ្ឌលចត្តាឡីស័ក គឺស្ថិតក្នុងសាលាពុទ្ធិកសិក្សា វត្តដំណាក់ព្រីង ឃុំមហាលាភ ដែលបានរៀបចំហើយរួចរាល់ ដោយចំណាយថវិកាពីលោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលមណ្ឌលចក្តាឡីស័កនោះ មិនទាន់បានប្រើប្រាស់នៅឡើយនោះទេ ប៉ុន្តែសម្រាប់ឱកាសនេះ គឺមករៀបចំនៅវិទ្យាល័យ ជីហែ វិញ ៕