ភ្នំពេញ ៖ បច្ចប្បន្ននេះយើងរស់នៅជាមួយជំងឺកូវីដ ហើយ ហើយក្នុងនាមអាជ្ញាធរភូមិ សង្កាត់ និងខណ្ឌ យើងខិតខំធ្វើកន្លងមកបានល្អដែលអាចទទួលយកបាន បើទោះបីជាយើងដឹងនៅចំពោះមុខហើយថា ការប្រយុត្នប្រឆាំនិងជំងឺកូវីដ១៩ វាមានហានិភ័យ តែយើងអាចពុះពារបាន ដូចនេះចូលយើងនាំគ្នាខិតខំបន្តទៀតដើម្បីសង្គមជាតិយើងជៀសឆ្ងាយពីជំងឺដ៍កាចសាហាវនេះ។
ក្នុងខណៈដែលអាជ្ញាធរកំពង់ប្រយុត្នប្រឆាំងនិងជំងឺកូវិដ១៩នេះ មានបញ្ហាជាច្រើនដែលកើតឡើងតាមបណ្តាសង្កាត់មួយចំនួន ក្នុងនោះសង្កាត់អាចដោះស្រាយបានដោយខ្លួនឯងខ្លះ តែក៍មានបញ្ហាមួយចំនួនដែលសង្កាត់ដោះស្រាយមិនបានដូចជាករណីឈ្មួញម្នាក់ឈ្មោះវេង សំអាត ដែលមានឈ្មោះសុខ ហួត នៅពីក្រោយ បានធ្វើរបងរំលោភយកដីខ្នងស្រះទទឹងធ្វើជាកម្មសិទ្ធរបស់ខ្លួន ស្ថិតក្នុងភូមិស្រែដូនតូច សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ករណីនេះអាជ្ញាធរសង្កាត់បានចេញសេចក្តីជូនដំណឺងជាច្រើនលើកច្រើនសារហើយតែបុគ្គលដែលរំលោភលើដីរបស់រដ្ឋនៅតែផ្គើន ដោយបានយករបស់របរមកដាក់លើខ្នងស្រះនេះកាន់តែច្រើនបន្ថែមទៀត។ ទាំងនេះគឺជាការលើកឡើងរបស់លោកសុខ សម្បត្តិ អភិបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ក្រោមអធិបតីភាព លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១នេះ។
លោកអភិបាលខណ្ឌបន្តថា ស្រះទទឹងនេះមានបណ្តោយ៣០០ម៉ែត្រ ទទឹងខ្នងស្រះ១៦ម៉ែត្រដែលប្រឡាយនេះជាប់និងស្រុកពញ្ញាឮ ពាក់កណ្តាល ហើយប្រជាពលរដ្ឋសង្គាត់ពញ្ញាពន់ និងស្រុកពញ្ញាឮ បានអាស្រ័យផលតាំងពីដើមរៀងមក។ អ្នកដែលរំលោភយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួននេះ គឺជាអ្នករកស៊ី ដោយសាលាខណ្ឌបានហៅមកដោះស្រាយគ្នា នៅសាលាខណ្ឌដែរតែបែរជាអោយដំណាងមក ហើយនិយាយមិនត្រូវគ្នា ដូចនេះសាលាខណ្ឌបានបញ្ជូនទៅសាលារាជធានីដើម្បីដោះស្រាយបន្ត។
សូមបញ្ជាក់ថា របៀបវារ:ក្នុងកិច្ចប្រជុំនេះរួមមាន៖ ទី១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុលើកទី២០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខណ្ឌ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ទី២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែកុម្ភៈ ប្រចាំត្រីមាសទី១ ប្រចាំខែមេសា និងប្រចាំខែឧសភា ឆ្នាំ២០២១ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខណ្ឌព្រែកព្នៅ ទី៣-ពិនិត្យ និងអនុម័តប្រតិទិននៃកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ ទី៤-ពិនិត្យ និងអនុម័តស្តីពីការបែងចែកប្រាក់រង្វាន់ប្រចាំខែកុម្ភៈ ខែមីនា ខែមេសា និងខែឧសភា និងយន្តការរបស់ការិយាល័យច្រកចេញចូលតែមួយ និងទី៥-បញ្ហាផ្សេងៗ៕
ដោយ ៖ ព្រែកសំរោង