រដ្ឋមន្ត្រី កើត រិទ្ធ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ប្រធានសាលាដំបូងខេត្តកំពត

ចែករំលែក៖

ខេត្តកំពត៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នេះ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានអញ្ជើញ ជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តែងតាំង និងចូលកាន់មុខតំណែងជាផ្លូវការរបស់ លោក លាង សំណាត់ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តកំពត ជំនួស លោកឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ តាមព្រះរាជក្រឹត្យលេខ នស/រកត/០៥២១/៤០៩ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត, លោក សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប, សមាជិកនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំនៃក្រសួងយុត្តិធម៌ រួមទាំងចៅក្រម ព្រះរាជអាជ្ញា មន្រ្តីតុលាការ និងមន្ត្រីរាជការមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានសំដែងនូវការអបអរសាទរយ៉ាងកក់ក្តៅដល់ ឯកឧត្តម លាងសំណាត់  ដែលត្រូវបានតែងតាំងជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពត និង លោក ឡុង កេសភីរម្យ ដែលត្រូវបានផ្ទេរទៅជាប្រធានថ្មីនៃសាលាដំបូងខេត្តកំពង់ស្ពឺ និងបានផ្តល់ការណែនាំដល់ពួកគាត់ ឱ្យខិតខំយកចិត្តទុកដាក់ក្នុងការដឹកនាំស្ថាប័នតុលាការប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈ និងធានាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ព្រមទាំងកិច្ចសហការកាន់តែល្អប្រសើរជាមួយអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ សំដៅពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងប្រសិទ្ធភាពនៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ។

ទន្ទឹមនេះ លោករដ្ឋមន្រ្តី បានក្រើនរំលឹកដល់ប្រធានសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពត ត្រូវបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងនានាឱ្យបានឆាប់រហ័យ ដើម្បីចៀសវាងការកើតឡើងវិញនូវការកកស្ទះសំណុំរឿងសារជាថ្មី៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print