អន្តរជាតិ៖ បើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១នេះថា ករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក រកឃើញមនុស្សឆ្លងថ្មីសរុប ២២,៨១៣នាក់បន្ថែមទៀត, ខណៈអ្នកជំងឺ ៦២៧នាក់ បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។
Worldometers បានបញ្ជាក់បន្ថែមថា ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,០២២,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៨,៩៦១នាក់ និងជាសះស្បើយឡើងសរុប ២៧,៧៦៧,០៤០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
គួរជម្រាបថា រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ត្រៀមបើកទ្វារទាំងស្រុងឡើងវិញ ដូចជា៖ កាលីហ្វ័រញ៉ាជាដើម បាននិងកំពុងបង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ ជាក់ស្ដែងសហរដ្ឋអាមេរិក កន្លងមកនេះ បានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។
បច្ចុប្បន្ន សហរដ្ឋអាមេរិក គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.៧២លាននាក់ (៥០.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣២.៧៧លាននាក់ (៤០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ៖ស តារា