អ្នកជំងឺកូវីដ-១៩​ នៅអាមេរិក​ចំនួន​ ៦២៧នាក់ស្លាប់ នៅក្នុងពេល១ថ្ងៃ,​ ខណៈ​រកឃើញអ្នកឆ្លងថ្មី​ ២.២ម៉ឺននាក់បន្ថែមទៀត

ចែករំលែក៖

អន្តរជាតិ​៖ បើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសៅរ៍ទី២៩ ខែឧសភា ឆ្នាំ២០២១​នេះថា​ ករណី​ឆ្លង​ជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក​ រកឃើញ​មនុស្សឆ្លងថ្មី​សរុប ២២,៨១៣នាក់បន្ថែមទៀត, ខណៈអ្នកជំងឺ ៦២៧នាក់​ បានស្លាប់នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ។

Worldometers បានបញ្ជាក់បន្ថែមថា​ ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,០២២,៦៥៧ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦០៨,៩៦១នាក់ និងជាសះស្បើយឡើងសរុប ២៧,៧៦៧,០៤០នាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

គួរជម្រាបថា​ រដ្ឋជាច្រើននៅសហរដ្ឋអាមេរិក ប៉ុន្មានសប្តាហ៍ចុងក្រោយនេះ​ ត្រៀមបើកទ្វារទាំងស្រុងឡើងវិញ ដូចជា៖​ កាលីហ្វ័រញ៉ាជាដើម បាននិងកំពុងបង្កើតកម្មវិធីលើកទឹកចិត្ត ឲ្យប្រជាជនមកចូលរួមទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដោយសារតែអត្រានៃការចាក់បានធ្លាក់ចុះ។ ជាក់ស្ដែង​សហរដ្ឋអាមេរិក​ កន្លងមកនេះ បានអនុម័តឲ្យមនុស្សវ័យចាប់ពី ១២ឆ្នាំឡើងទៅ អាចទទួលការចាក់វ៉ាក់សាំង។

បច្ចុប្បន្ន​ សហរដ្ឋអាមេរិក​ គិតត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ២៩១លានដូសហើយ ជូនដល់ប្រជាជនទូទាំងប្រទេស ក្នុងនោះមនុស្សសរុបជិត ១៦៥.៧២លាននាក់ (៥០.៥%នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៣២.៧៧លាននាក់ (៤០.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print