ម៉ាឡេស៊ី៖​ នឹងបិទផ្សារទំនើបទាំងអស់ ប៉ុន្តែ​អនុញ្ញាតឲ្យវិស័យសេវាកម្មចំនួន​ ១៧ប៉ុណ្ណោះ​ ដែលអាចដំណើរការបានក្នុងកំឡុងពេលវិធានការបិទខ្ទប់

ចែករំលែក៖

អន្តរជាតិ​៖ រដ្ឋាភិបាលម៉ាឡេស៊ី​ នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១​ បាននិយាយថា រាល់ផ្សារទំនើប (Mall) ទាំងអស់​ នឹងត្រូវបិទទ្វារ ដោយ​វិស័យសេវាកម្មចាំបាច់ចំនួន១៧ ប៉ុណ្ណោះ ដែលនឹងត្រូវបានអនុញ្ញាតឱ្យដំណើរការធម្មតា​ ក្នុងកំឡុងពេលវិធានការបិទខ្ទប់ទាំងស្រុង​ រយៈពេល​ពីរសប្តាហ៍ខាងមុខនេះ។​ ចំពោះវិស័យសេវាកម្មចាំបាច់ទាំងនេះ រួមមាន៖​ វិស័យសុខាភិបាល ទូរគមនាគមន៍ ប្រព័ន្ធផ្សព្វផ្សាយ ម្ហូបអាហារ ក៏ដូចជាធនាគារជាដើម។​ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយបន្ថែមថា​ រដ្ឋាភិបាលម៉ាឡេស៊ី​ ក៏នឹងអនុញ្ញាតឱ្យក្រុមហ៊ុនក្រោមវិស័យឧស្សាហកម្មចំនួន១២ បន្តប្រតិបត្តិការផងដែរ ដូចជារោងចក្រផលិតចំណីអាហារ និងភេសជ្ជៈ ឧបករណ៍វេជ្ជសាស្ត្រ វាយនភ័ណ្ឌ និងប្រេងឧស្ម័ន។ វិស័យទាំងនេះនឹងត្រូវបើកប្រតិបត្តិការតែ ៦០ភាគរយ។

ដោយ​ឡែក​រដ្ឋាភិបាល​ សម្រេច​ប្រកាសបែបនេះ​ បន្ទាប់ពីការិយាល័យរបស់នាយករដ្ឋមន្រ្តី​ បានប្រកាសកាលពីថ្ងៃសុក្រទី២៨ ថ្មី​ៗ​នេះថា ប្រទេសម៉ាឡេស៊ីនឹងត្រូវអនុវត្តវិធានការបិទខ្ទប់ទាំងស្រង់ នៅទូទាំងប្រទេស ដោយចាប់ផ្តើមពីថ្ងៃទី១ ខែមិថុនារហូតដល់ថ្ងៃទី១៤ខែមិថុនា។

បច្ចុប្បន្ន​ សម្រាប់​តួលេខអ្នកឆ្លងកូវីដ-១៩​ នៅម៉ាឡេស៊ី​ បានកើនឡើងយ៉ាងគំហុក។ ខណៈ​កាលពីថ្ងៃសៅរ៍មានឆ្លងថ្មីរហូតដល់ ៩,០២០នាក់ និងស្លាប់ ៩៨នាក់។ ចំណែក​ឯនៅថ្ងៃអាទិត្យទី៣០​ ខែឧសភា​ម្សិលមិញនេះ​ មានអ្នកឆ្លងថ្មី ៦,៩៩៩នាក់បន្ថែមទៀត ដែលនាំឲ្យករណីឆ្លងសរុបនៅទូទាំងប្រទេសកើនលើស ៥៦០,០០០នាក់៕ដោយ​៖ស​ តារា​

...

រូបថត​៖AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print