ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ នៅវេលាម៉ោង ២និង ៣០នាទីរសៀលថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ បានអញ្ជើញដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែង នៅតាមបណ្តោយសួនច្បារ និងច្រាំងទន្លេ ចាប់ពីមុខផ្សាររាត្រី រហូតដល់កំពង់ចម្លងភ្នំពេញ-អរិយ៍ក្សត្រ ហើយបានអនុវត្តការងារជាក់ស្តែង ដើម្បីពង្រឹងលើកិច្ចការងារសន្តិសុខសណ្តាប់ធ្នាប់ អនាម័យសាធារណៈ តាមបណ្តោយច្រាំងទន្លេជាពិសេសតំបន់ខាងមុខព្រះបរមរាជវាំង ដែលជាតំបន់អភ័យភូមិ ។
ក្នុងប្រតិបត្តិការនេះដែរ ជាគោលការណ៍ លោកអភិបាលខណ្ឌ បានចាត់ឲ្យកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ទូកទេសចរណ៍ ដោយមិនអនុញ្ញាឲ្យចតតាមច្រាំងទន្លេ រួមទាំងការនេសាទផ្សេងៗ។
បន្ថែមពីនេះ លោក សុខ ពេញវុធ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ ត្រូវ ចុះត្រួតពិនិត្យជាប្រចាំតាមសួនច្បារច្រាំងទន្លេ ការលក់ដូរផ្សេងៗ រួមទាំងការចតយានយន្ត ដែលបង្កឲ្យបាត់បង់ស្តាប់ធ្នាប់សាធារណៈផងដែរ៕ដោយ៖ស តារា