កាលពីមុនចិនអនុញ្ញាតឲ្យបង្កើតកូនបានតែម្នាក់ប៉ុណ្ណោះ ប៉ុន្តែគោលនយោបាយបែបនោះបានធ្វើឲ្យចិនធ្លាក់ចុះយ៉ាងខ្លាំង លើគ្រប់វិស័យទាំងវិស័យយោធា និងសេដ្ឋកិច្ចជាតិ ។ ក្រោយមកចិនក៏បានសម្រេចលុបច្បាប់មានកូនតែមួយ ហើយពេលនេះក៏បានអនុញ្ញាតឲ្យបង្កើតកូនបានដល់ទៅ៣នាក់។
រដ្ឋាភិបាលចិនបានអនុវត្តគោលនយោបាយប្តីមួយប្រពន្ធមួយ ហើយមានកូន៣នាក់ ។ សារព័ត៌មានស៊ីនហួរ បានដកស្រង់របាយការ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការបក្សកុម្មុយនិស្តចិន ដឹកនាំដោយប្រធានាធិបតីស៊ី ជីនពីង នាថ្ងៃទី៣១ខែឧសភាថា នេះជាការផ្លាស់ប្តូរគោលនយោបាយ ដ៏សំខាន់ ដែលពីមុនអនុញ្ញាតឲ្យមានកូនតែពីរនាក់ប៉ុណ្ណោះ តែពេលនេះឡើងដល់៣នាក់។
សារព័ត៌មាន រ៉យទ័រ របស់អង់គ្លេស បានផ្សាយថា ការផ្លាស់ប្តូរនយោបាយកូនពីរទៅកូន៣នេះក្រោយពេលមានចំនួនទារកកើតនៅក្នុងប្រទេសចិនធ្លាក់ចុះយ៉ាងខ្លាំង គូស្វាមីណាដែលចង់បង្កើតកូនទី៣ នឹងទទួលបានការផ្តល់ជំនួយទៀតផង។
កាលពីឆ្នាំ២០១៦ ចិនបានលុបចោលច្បាប់កូន១ ដែលបានអនុវត្តជិត៤០ឆ្នាំកន្លងមក ដោយអនុញ្ញាតឲ្យបង្កើតកូនបានពីរនាក់ ក្នុងមួយគ្រួសារ។ នៅពេលនេះដោយសារតែមានការប្រកួតប្រជែងសេដ្ឋកិច្ច និងការរស់នៅស៊ីវិល័យ ប្តីប្រពន្ធជាច្រើនមិនចង់បង្កើតកូនច្រើននោះឡើយ ។
តាមតួលេខពីរដ្ឋាភិបាលចិនបានបង្ហាញឲ្យឃើញថា កាលពីឆ្នាំ២០២០ គឺជាឆ្នាំទី៤ជាប់គ្នាចំនួនទារកកើតនៅចិនថយចុះខ្លាំង។ ចំនួនទារកកើតមកនៅឆ្នាំ២០២០ ថយចុះដល់ទៅ១២លាននាក់ និងឆ្នាំ ២០១៩ ថយចុះ ១៤,៦៥លាននាក់៕
រូបភាព៖ AP