ភ្នំពេញ, សុន្ទរកថាទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងឱកាសក្នុងកិច្ចប្រជុំកំពូលលើកទី២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ២០៣០ ( P4G ) ស្តីពីការលើកកម្ពស់ការស្តារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១។
សម្តេចតេជោហ៊ុនសែន ថ្លែងថា, ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយក្រៃលែង ដោយបានចូលរួមជាមួយបណ្តាថ្នាក់ដឹកនាំដទៃទៀត ក្នុងកិច្ចប្រជុំកំពូលសេអ៊ូលទី ២ នៃភាពជាដៃគូសម្រាប់ការអភិវឌ្ឍបៃតង និងគោលដៅសកលឆ្នាំ ២០៣០ (P4G) នេះ ក្រោមប្រធានបទដ៏សំខាន់៖ «ការស្ដារបៃតងឡើងវិញប្រកបដោយបរិយាប័ន្នពីជំងឺឆ្លងកូវីដ ១៩» ។
ជាការពិតណាស់ ចំពោះមុខ យើងមានភាពចាំបាច់បំផុតក្នុងការបង្វែរទិសដៅគោលនយោបាយ និងធនធាន ដើម្បីបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩, ទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាជន, ជួយរក្សា លំនឹងអាជីវកម្ម-ធុរកិច្ចដែលរងផលប៉ះពាល់ និង ជាពិសេស ស្តារ និងជំរុញការងើបឡើងនៃសេដ្ឋកិច្ចឱ្យបាន ឆាប់រហ័ស ដោយបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, ជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម សំដៅតភ្ជាប់ទៅនឹងច្រវាក់ផលិតកម្ម និងបម្រើដល់ឧស្សាហកម្មធំៗ និងលើកកម្ពស់ឌីជីថលូបនីយកម្មសេដ្ឋកិច្ច និងសង្គម ។ល។
ដោយឡែក ការតម្រង់ទិសអាទិភាពគោលនយោបាយសេដ្ឋកិច្ច និងសង្គម សំដៅដោះស្រាយនូវ បញ្ហាប្រឈមដែលកើតចេញពីការប្រែប្រួលអាកាសធាតុ ក៏ជាយុទ្ធសាស្ត្រដ៏សំខាន់មួយ ដែលយើងត្រូវ បង្កើនការយកចិត្តទុកដាក់ផងដែរ ដើម្បីធានាចីរភាព និងលើកកម្ពស់បរិយាប័ន្ននៃកិច្ចអភិវឌ្ឍរយៈពេលវែង របស់យើង ។ ជាក់ស្ដែង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្រោះមហន្តរាយធម្មជាតិដែលបានកើតឡើង ក្នុងតំបន់ និងពិភពលោក ដូចជា រលកយក្សស៊ូណាមិ, គ្រោះទឹកជំនន់ , ខ្យល់ព្យុះ និងរលកកម្តៅ មាន សភាពកាន់តែធ្ងន់ធ្ងរ និងកាន់តែញឹកញាប់ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ , សេដ្ឋកិច្ច និងសង្គម ។ ផ្អែកលើនិន្នាការនេះ បញ្ហាពាក់ព័ន្ធការប្រែប្រួលអាកាសធាតុត្រូវបានវាយតម្លៃថា អាចមាន លទ្ធភាពខ្ពស់ក្នុងការនាំមកនូវវិបត្តិដ៏ធំនាពេលខាងមុខជាមួយនឹងផលប៉ះទង្គិច ដែលមានវិសាលភាព និងទំហំពិបាកនឹងប៉ាន់ប្រមាណបានទៅលើការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចយើង ។
ក្នុងបរិបទនេះ ការលើកកម្ពស់ការស្តារបៃតងឡើងវិញ (Green Recovery) គឺជាមូលដ្ឋានគ្រឹះ នៃ ការទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចសម្រាប់រយៈពេលវែង ដោយម្យ៉ាង ជួយលើកកម្ពស់ប្រសិទ្ធភាព និង ភាតរៈបរិស្ថាននៃការប្រើប្រាស់ និងផលិតកម្ម ព្រមទាំង ជួយបង្កើនផលិតភាពសេដ្ឋកិច្ច ដោយធានានិរន្តរភាព បរិស្ថាន និងពង្រឹងភាពធន់ទៅនឹងអាកាសធាតុ និង ម្យ៉ាងទៀត ចូលរួមចំណែកដ៏សំខាន់ក្នុងការធានានូវ ចីរភាពនៃកិច្ចអភិវឌ្ឍ, លើកកម្ពស់ជីវភាពរស់នៅ និងសុវត្ថិភាពរបស់ប្រជាជន និងកាត់បន្ថយភាពក្រីក្រ ។
ជារួម សម្រាប់ការស្ដារសេដ្ឋកិច្ចឡើងវិញពីជំងឺកូវីដ-១៩ ទាំងក្នុងក្របខណ្ឌជាតិ, តំបន់ និងសកល យើងត្រូវតែរៀបចំគោលនយោបាយជាយុទ្ធសាស្ត្រវែងឆ្ងាយ និងគ្រប់ជ្រុងជ្រោយប្រកបដោយភាពបុរសកម្ម សំដៅដោះស្រាយបញ្ហាពាក់ព័ន្ធ ទាំងក្នុងទិដ្ឋភាពសង្គម, សេដ្ឋកិច្ច និងបរិស្ថាន ដើម្បីលើកកម្ពស់ភាពធន់ និងចីរភាពនៃការអភិវឌ្ឍរបស់យើង។ ក្នុងស្មារតីនេះ ខ្ញុំសូមលើកឡើងនូវទស្សនៈផ្ទាល់ខ្លួនមួយចំនួនពាក់ព័ន្ធ នឹងប្រធានបទនៃកិច្ចប្រជុំនាពេលនេះ ដែលយើងត្រូវបង្កើនការយកចិត្តទុកដាក់ ដូចខាងក្រោម ៖
(១). បន្តជំរុញ និងគាំទ្រគោលការណ៍សកលភាវូបនីយកម្ម តាមរយៈការបើកចំហពាណិជ្ជកម្ម អន្តរជាតិឱ្យកាន់តែទូលំទូលាយ ដើម្បីជំរុញកំណើនពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងប្រកាន់ខ្ជាប់នូវក្របខណ្ឌ ពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាក្នុងគ្រប់វិស័យ ជាពិសេស បញ្ហាប្រឈមពាក់ព័ន្ធនឹងការប្រែប្រួល អាកាសធាតុ, (២). ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងក្នុងតំបន់ និងអន្តរជាតិ ពាក់ព័ន្ធនឹងការអភិវឌ្ឍ ប្រកបដោយចីរភាព និងការលើកកម្ពស់ការបញ្ជ្រាបទស្សនាទានបៃតង ក្នុងការអភិវឌ្ឍ ជាពិសេស លើវិស័យ កសិកម្ម, ការអភិវឌ្ឍទីក្រុង , ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន, សេដ្ឋកិច្ចវិលជុំ (circular economy), សេដ្ឋកិច្ច
ឌីជីថល និងថាមពលកកើតឡើងវិញ, (៣). ជំរុញការអភិវឌ្ឍហិរញ្ញប្បទានប្រកបដោយចីរភាព (sustainable finance) តាមរយៈការ បង្កើតបរិយាកាសអំណោយផល ដើម្បីកៀរគរធនធានបន្ថែម សំដៅធានានិរន្តរភាពនៃការអនុវត្តសកម្មភាព ទប់ស្កាត់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈ ការរៀបចំ និងការដាក់ចេញនូវយន្តការហិរញ្ញប្បទានបៃតង និងយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជាដើម,
(៤). ដាក់ចេញគោលនយោបាយលើកទឹកចិត្ត ព្រមជាមួយនឹងការដាក់ចេញវិធានការកែទម្រង់ មុតស្រួចសំខាន់ៗ ដើម្បីជំរុញធុរកិច្ចបង្កើតថ្មីឱ្យធ្វើនវានុវត្តន៍លើគំរូធុរកិច្ចបៃតង ហើយជំរុញវិស័យឯកជន ឱ្យបង្កើនការចាប់អារម្មណ៍លើការវិនិយោគបៃតង ទាំងវិនិយោគដែលបង្កើតបច្ច័យវិជ្ជមានដល់សង្គម សេដ្ឋកិច្ច (impact investment) និងវិនិយោគពាណិជ្ជកម្ម (commercial investment) ដូចជាក្នុង បច្ចេកវិទ្យាបៃតង និងថាមពលកកើតឡើងវិញ,
(៥). ជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង និងការដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដោយផ្តល់សារៈសំខាន់លើការលើកកម្ពស់ការវិនិយោគប្រកបដោយចីរភាព និងការទទួលខុសត្រូវ និងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ និងការវិនិយោគក្នុងគ្រប់វិស័យ តាមរយៈការជំរុញ និងលើកទឹកចិត្ត ការអភិវឌ្ឍឧស្សាហកម្មបៃតង និងការប្រើប្រាស់បច្ចេកវិទ្យាបៃតង, និង (៦). លើកកម្ពស់លទ្ធភាពកាត់បន្ថយ និងបន្សំ (mitigation and adaptation) ទៅនឹងការប្រែ ប្រួលអាកាសធាតុ តាមរយៈការអភិរក្សធនធានធម្មជាតិ, ការអភិវឌ្ឍទីក្រុង និងឧទ្យានបៃតង, និងការអភិវឌ្ឍសមត្ថភាពស្ថាប័នឱ្យកាន់តែរឹងមាំលើការស្រាវជ្រាវ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និង
តម្រូវការក្នុងការគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ ។ ជាចុងបញ្ចប់ ខ្ញុំសូមជូនពរឱ្យកិច្ចប្រជុំកំពូលលើកទី ២ នេះ ទទួលបានជោគជ័យជាផ្លែផ្កា ដូចការរំពឹងទុក៕
ដោយ, សុខ ខេមរា