ខេត្តស្វាយរៀង , បើយោងតាមផេករដ្ឋបាលខេត្តស្វាយរៀង នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បានបញ្ជាក់យ៉ាងដូច្នេះថា,ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានជម្រុញដល់រដ្ឋបាលក្រុងស្វាយរៀង រៀបចំការបាញ់ថ្នាំសម្លាប់មេរោគ ដែលនៅថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ លោក ណុប ចំរេីន អភិបាល នៃគណៈអភិបាលក្រុងស្វាយរៀង បានដឹកនាំក្រុមការងារ និងសហការជាមួយក្រុមហ៊ុន Easy Pest Control-EPC ចុះបាញ់ថ្នាំសម្លាប់មេរោគ ដើម្បីការពារជំងឺឆ្លងផ្សេងៗ ពិសេសការពារការរីករាលដាល នៃជំងឺកូវីដ-១៩ នៅផ្សារវាលយន្ត និងផ្សារពោធិតាហោ ក្រុងស្វាយរៀង។
ក្នុងឱកាសនោះដែររដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ និងសាធារណជនទាំងអស់ សូមចូលរួមអនុវត្តតាមវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរបស់ក្រសួងសុខាភិបាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Easy Pest Control-EPC ដែលបានសហការចូលរួមបាញ់ថ្នាំសម្លាប់មេរោគ និងជំងឺឆ្លងផ្សេងៗដេីម្បីលេីកកម្ពស់សុខមាលភាពក្នុងទីប្រជុំជនក្រុងស្វាយរៀង ទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩៕
ដោយ, សិលា