រដ្ឋ Uttah Pradesh ប្រទេសឥណ្ឌាលក់ស្រាឲ្យតែមនុស្សដែលបានចាក់វ៉ាក់សាំងរួចរាល់ប៉ុណ្ណោះ

ចែករំលែក៖

រដ្ឋាភិបាលឥណ្ឌាបានជួបផលលំបាកយ៉ាងខ្លាំងក្នុងការបញ្ចុះបញ្ចូលពលរដ្ឋឲ្យទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ នៅពេលនេះរដ្ឋជាច្រើនបានអនុម័តច្បាប់ផ្សេងៗគ្នា ក្នុងនោះរដ្ឋ Uttah Pradesh បានរកឃើញវិធីសាស្ត្រឲ្យពលរដ្ឋនាំគ្នាទៅចាក់វ៉ាក់សាំង។ បណ្តាតៀមស្រានានាក្នុងរដ្ឋនេះ លក់ស្រាឲ្យតែពលរដ្ឋណាដែលបានចាក់វ៉ាក់សំាងរួចរាល់ប៉ុណ្ណោះ ។
សារព័ត៌មាន Sputnik របស់រុស្ស៊ី បានផ្សាយថា ដើម្បីលើកទឹកចិត្តដល់ពលរដ្ឋដែលបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ចៅក្រមតុលាការ រដ្ឋ Uttar Pradesh លោក Hem Kumar Singh បានស្នើដល់ហាងលក់ស្រាទាំងអស់ចេញសេចក្តីប្រកាសឈប់លក់ស្រាដល់អ្នកមិនទាន់ចាក់វ៉ាក់សាំង ដោយលក់ឲ្យអ្នកដែលបានចាក់រួចរាល់តែប៉ុណ្ណោះ ។
សកម្មភាពខាងលើកើតឡើង ក្រោយពេលដែលការចាក់វ៉ាក់សាំងមានសភាពយឺតយ៉ាវ ខណៈអ្នកឆ្លងកូវីដ-១៩ នៅតែកើនឡើងខ្ពស់ដដែល ។ នៅក្នុងប្រទេសឥណ្ឌា ពលរដ្ឋឈរតម្រងជួរទិញស្រាមានច្រើនជាងពលរដ្ឋតម្រងជួរចាក់វ៉ាក់សាំងទៅទៀត។
តាមការលើកឡើងរបស់ចៅក្រម Hem Kumar Singh បញ្ជាក់ថា លោកមិនបានបង្ខំហាងលក់ស្រា នោះឡើយ គឺគ្រាន់តែបញ្ចុះបញ្ជូល លក់ឲ្យតែអ្នកចាក់វ៉ាក់សាំង ដើម្បីជួយឲ្យពលរដ្ឋចាក់វ៉ាក់សាំងបានឆាប់បំផុតអាចទប់ស្កាត់ការឆ្លងកូវីដ -១៩ បានល្អបំផុត។
ពលរដ្ឋនៅតំបន់ជនបទ ជាយក្រុងក្នុងប្រទេសឥណ្ឌា នៅមន្ទិលសង្ស័យលើវ៉ាក់សាំងប្រឆាំងកូវីដ-១៩ ទើបការចាក់វ៉ាក់សាំងយឺតយ៉ាវ។ កាលពីសប្តាហ៍កន្លងមកមានពលរដ្ឋជិត ២០០នាក់បានរត់ជុំវិញភូមិ Sisaunda ហើយក្រោយមកក៏បានលោតចូលព្រែក ដើម្បីបញ្ចៀសការចាក់វ៉ាក់សាំង ដោយពួកគេបានចាត់ទុកវ៉ាក់សាំងគឺជាថ្នាំពុល។
គិតមកដល់ថ្ងៃទី១ខែមិថុនា មានពលរដ្ឋឥណ្ឌាទើបតែ២១៦លាននាក់ប៉ុណ្ណោះបានចាក់វ៉ាក់សាំងរួចរាល់ ។
ករណីឆ្លងកូវីដ-១៩នៅក្នុងប្រទេសឥណ្ឌា បាននិងកំពុងបន្តថយចុះដដែល ដោយនៅថ្ងៃ១ខែមិថុនា មានករណីឆ្លងថ្មីៗចំនួន១២៧,៥១០នាក់ប៉ុណ្ណោះ និង ស្លាប់ថ្មីៗផងដែរ គឺចំនួន២,៧៩៥នាក់ ។ ចំនួនឆ្លងសរុបនៅទូទាំងប្រទេសឥណ្ឌា បានកើនដល់២៨,១៧៥,០៤៤នាក់ និងស្លាប់កើនដល់៣៣១,៨៩៥នាក់។ ដោយឡែកអ្នកជំងឺសរុប ២៥.៩លាននាក់បានជាសះស្បើយ និង១.៩លាននាក់ កំពុងបន្តសម្រាកព្យាបាល៕

...

រូបភាព៖ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print