ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍អោយដឹងនៅយប់ថ្ងៃ១ មិថុនា ថា លោកបានចាត់ឱ្យកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកចំការលើ បានចុះអនុវត្តដីកាបង្គាប់ឲ្យនាំខ្លួនលេខ៤១៦ ព.ស ចុះថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២១ ចេញដោយលោក សួស ឡា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ចាម បានឃាត់និងនាំខ្លួនឈ្មោះ អេង សុខរ៉ាន់ ភេទប្រុស អាយុ៣៧ឆ្នាំ នៅត្រង់ចំណុចភូមិស្ពឺលិច ឃុំស្ពឺ ស្រុកចំការលេី ខេត្តកំពង់ចាម ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នំ២០២១ ប្រព្រឹត្តនៅភូមិបិតធ្នូរ ឃុំអូរម្លូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់អោយដឹងថា ដោយសារជន នេះបានប្រព្រឹត្តបទល្មេីសនៅចំណុចកោះស្វាស្ថិតនៅក្នុងភូមិបិតធ្នូ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម លេីករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយប្រើអាវុធ និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាតិ មួយបានកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៦ និង៣០នាទី បង្កដោយជនសង្ស័យឈ្មោះ អេង សុវណ្ណារ៉ាន់ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្ពង់សាខាចាស់ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកអាវុធខ្លី ម៉ាករ៉ូឡូ បាញ់ទៅលើជនរងគ្រោះឈ្មោះ អេល យ៉ា ភេទប្រុស អាយុ៣៨ឆ្នាំ ជាតិខ្មែរឥស្លាម មានទីលំនៅភូមិគីឡូតិ៍៧ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ចំនួន០១គ្រាប់បណ្តាលឱ្យរងរបួស ត្រូវចំក្បាលជង្គង់ខាងស្តាំចំនួន ០១កន្លែង ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា មូលហេតុមានទំនាស់ពាក្យសំដី ។ ជននេះក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ និងបានយកអាវុធដែលបង្កមកបំផ្លុងចោលនៅគៀនរបង ក្នុងបរិវេនអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍បញ្ជាក់បន្ថែមថា បន្ទាប់ពីហេតុការណ៍នេះកើតឡើងភា្លមនោះ ដោយទទួលបានអនុសាសន៍ចង្អុលដឹកនាំដ៏ខ្ពងខ្ពស់ពី លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក អ៊ុន ចាន់ដា អភិបាល នៃគនៃគណៈអភិបាលខេត្តកំពង់ចាម រូបលោកបានដាក់បទបញ្ជាយ៉ាងមុឹងម៉ាត់ដល់កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលស្រុក-ក្រុង តាមស្រាវជ្រាវ ស៊េីបអង្កេតស្វែងរកជនសង្ស័យខាងលេី មកអនុវត្ដតាមនីតិវិធីច្បាប់ ។
បច្ចុប្បន្នជនសង្ស័យឈ្មោះ អេង សុខវ៉ាន់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី ៕
ដោយ៖ វណ្ណៈ