ខេត្តកំពង់ចាម,រដ្ឋបាលខេត្តកំពង់ចាម សូមជំរាបជូនដល់សាធារណៈជនទាំងអស់ឲ្យបានជ្រាបថា យោងតាម របាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានឲ្យដឹងថាស្ត្រីជាតិខ្មែរ ឈ្មោះ ស៊ឹម ឈឹម អាយុ ៤៥ឆ្នាំ ជាកសិករ រស់នៅភូមិត្រពាំងឈូក ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ស្ត្រីរូបនេះ បានធ្វើតេស្តរហ័សកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ដោយសារបាន ប៉ះពាល់ដោយផ្ទាល់នឹងកូនស្រី (វិជ្ជមានកូវីដ-១៩) ជាកម្មការិនីរោងចក្រខាលីនតុន។ ស្ត្រីរូបនេះ ត្រូវបាន បញ្ជូនមកសម្រាកនៅមន្ទីរពេទ្យមេគង្គកំពង់ចាម ដោយសារស្ត្រីរូបនេះ មានប្រវត្តិព្យាបាលជំងឺរីកបេះដូង។ ដោយការវិវត្តនៃជំងឺចេះតែធ្ងន់ធ្ងរឡើង ហើយស្ថានភាពអ្នកជំងឺហត់ដង្ហក់ខ្លាំងដែលតម្រូវឱ្យក្រុមគ្រូពេទ្យ ជួយសង្គ្រោះតាមលក្ខណៈបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ រួមទាំងការប្រើម៉ាស៊ីនជំនួយដង្ហើមផងនោះក៏ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន។ អ្នកជំងឺ បានស្លាប់បាត់បង់ជីវិតនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ១៩:០០នាទី។ ជាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្រ្តីជនជាតិខ្មែរ ឈ្មោះ ស៊ឹម ឈីម អាយុ៤៥ឆ្នាំ បានស្លាប់
បាត់បង់ជីវិតដោយរោគវិនិច្ឆ័យរលាកសួតធ្ងន់ធ្ងរ ដោយសារវីរុសកូវីដ-១៩ និងមានជំងឺរីកបេះដូង។
រដ្ឋបាលខេត្តកំពង់ចាម សូមចូលរួមចំណែកសោកស្តាយជាពន់ពេក និងសូមចូលរួមមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕