រដ្ឋាភិបាល​ឡាវ៖​ ដើម្បីទប់ស្កាត់ជំងឺឆ្លងដុំពកលើស្បែក​ បានចេញបម្រាមហាមឃាត់បណ្តោះអាសន្ន នូវការនាំចេញ-ចូល សត្វសាច់គោ

ចែករំលែក៖

អន្តរជាតិ​៖ រដ្ឋាភិបាលឡាវ បានសម្រេច​ហាមឃាត់ជាបណ្តោះអាសន្ន នូវការនាំចូល-នាំចេញសត្វគោរស់ ព្រមទាំងសាច់និងផលិតផលផ្សេងៗទៀតនៃសត្វនេះ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺស្បែកមួយ ក្នុងចំណោមពួកវា។

បើតាមសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែមិថុនា ឆ្នាំ២០២១​ បានដកស្រង់ចេញផ្សាយពី​នាយកដ្ឋានបសុសត្វ និងជលផលនៃក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវ បានចេញសេចក្តីជូនដំណឹងមួយ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលប្រកាសពីការដាក់បំរាមហាមឃាត់ខាងលើ ហើយវានឹងចូលជាធរមានរហូតដល់ចុងខែមិថុនានេះ។

ដោយឡែក​យោងតាមសេចក្តីរាយការណ៍ របស់សារព័ត៌មានឡាវ Vientiane Times នាថ្ងៃព្រហស្បតិ៍ទី៣​ ខែមិថុនា​នេះដែរ ការហាមឃាត់ ត្រូវបានធ្វើឡើង បន្ទាប់ពីនាយកដ្ឋាន បានរកឃើញករណីឆ្លងជំងឺដុំពកលើស្បែក នៅកសិដ្ឋានចិញ្ចឹមសត្វគោមួយកន្លែង នៅរដ្ឋធានីវៀងចន្ទន៍នៃប្រទេសឡាវ កាលពីចុងខែមុន។

ជាមួយគ្នានេះ​ នាយកដ្ឋាន ក៏បានជូនដំណឹងដល់សាធារណជនទូទៅ កសិករ និងអាជីវកម្មនានាអំពីមធ្យោបាយមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺនេះផងដែរ រួមមានការកម្ចាត់សត្វល្អិតជញ្ជក់ឈាម និងការលើកកម្ពស់អនាម័យបរិស្ថាន នៅតាមកសិដ្ឋានជាដើម។

គួរបញ្ជាក់ថា ជំងឺដុំពកលើស្បែក គឺជាជំងឺឆ្លងដែលប៉ះពាល់ដល់សត្វគោ។ វាត្រូវបានចម្លងដោយសត្វល្អិតជញ្ជក់ឈាម ដូចជារុយ មូស និងចៃជាដើម។ វាបណ្តាលឱ្យមានអាការៈក្តៅខ្លួន កើតដុំពកនៅលើស្បែក និងអាចបណ្តាលឱ្យពួកវាងាប់ផងដែរ។ ក្នុងសេចក្តីជូនដំណឹង នាយកដ្ឋានឡាវ បានចេញសេចក្តីណែនាំស្តីពីការរៀបចំប៉ុស្តិ៍ត្រួតពិនិត្យ ដើម្បីគ្រប់គ្រងការដឹកជញ្ជូនសត្វគោ រហូតដល់ស្ថានការណ៍ឆ្លងរីករាលដាលនៃជំងឺនេះថយចុះទៅវិញ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print