ខេត្តត្បូងឃ្មុំ ៖ ប៉ុស្តិ៍នគរបាលព្រំដែនចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ ក្នុងខេត្តត្បូងឃ្មុំចំនួន៣នឹងត្រូវសាងសង់ថ្មី ដោយប្រេីថវិកាក្រសួងមហាផ្ទៃ និងសប្បុរសជន ។
លោកឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ អោយដឹងនៅព្រឹកថ្ងៃ០៥ ខែមិថុនា ២០២១នេះថា បន្ទាប់ពីលោក និងសហការី បានចុះត្រួតពិនិត្យស្ថានភាពទីតាំងភូមិសាស្ត្រ ប៉ុស្តិ៍នគរបាលព្រំដែន ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦១៥ ដែលនឹងត្រូវសាងសង់ថ្មី ក្នុងនោះរួមមាន ៖
១- ប៉ុស្តិ៍នគរបាល អន្លង់ជ្រៃ តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៨០ x ៩០ ម៉ែត្រ
២- ស្នាក់ការត្រួតពិនិត្យ ប៉ុស្តិ៍អន្លង់ជ្រៃ ទំហំ ១២x៨ម៉ (ថវិកាសប្បុរសជន)
៣- ប៉ុស្តិ៍នគរបាល ត្រាចខោល តាមបទដ្ឋាន និងថវិកាក្រសួងមហាផ្ទៃ លើទំហំដី ៦៧ x ៨៨ ម៉ែត្រ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានក្រើនរំលឹក បងប្អូននគរបាលការពារព្រំដែន អោយយកចិត្តទុកដាក់ល្បាតការពារ ខ្សែបន្ទាត់ព្រំដែន ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ និងរក្សាបានអនាម័យ ពិសេសអនុវត្តវិធានការសុខាភិបាល និង ៣កុំ ៣ការពារ របស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ៕
ដោយ៖ វណ្ណៈ