ខេត្តកំពង់ស្ពឺ៖ ក្នុងគោលបំណងអភិវឌ្ឍផ្នែកអប់រំចំណេះដឹងនិងសង្គម ដល់កម្មករនិយោជិតនៃវិស័យកាត់ដេរនៅកម្ពុជា បណ្ណាល័យធនធាននៃរោងចក្រត្រូវបានបង្កើតឡើងជាបន្តបន្ទាប់។ បណ្តាល័យថ្មីដែលបំពាក់ដោយសៀវភៅជាច្រើនប្រភេទសម្រាប់ឲ្យកម្មករកម្មការិនីរោងចក្រអានត្រូវបានសម្ពោធដាក់ឲ្យដំណើរការកាលពីព្រឹកថ្ងៃទី១៤មីនានេះនៅក្នុងបរិវេនរោងចក្រកាត់ដេSabrina (Cambodia) Garment Manufacturing Corp នាខេត្តកំពង់ស្ពឺក្រោមវត្តមានមន្ត្រីក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ត្រីអង្គការ តំណាងសមាគមរោងចក្រ និងកម្មករកម្មការិនីផងដែរ។
បណ្ណាល័យនេះត្រូវបានបង្កើតឡើងក្រោមដៃគូសហការរបស់អង្គការស៊ីប៉ា រួមជាមួយនឹងសមាគមនារី សមាគមរោងចក្រកាត់ដេរនៅកម្ពុជា អង្គការ Care និងក្រសួងការងារនិង បណ្តុះបណ្តាលវិជ្ជាជីវៈក្រោមជំនួយពីទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍និងមូនិធី Weave our Future ។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា បានថ្លែងថាកន្លងមកមានបណ្ណាល័យធមធានដូចគ្នានេះចំនួន៦ដែល១ទីតាំងនៅខេត្តសៀមរាប និង៥ទីតាំងនៅរាជធានីភ្នំពេញដែលកំពុងមានដំណើរការពេញលេញនិងបើកមម្រើកម្មករនិយោជិតជាមធ្យមជាង១ម៉ឺននាក់។ លោកបន្តថា ការបើកដំណើរការបណ្ណាល័យថ្មីបន្ថែមនៅពេលនេះនឹងមានចំនួនអ្នកទទួលផលពីការអានរហូតដល់ជិត២ម៉ឺននាក់។ លោកបន្តថា តាមគម្រោងគឺមានគោលដៅបង្កើតឲ្យមានបណ្តាល័យធមធានសរុបចំនួន១៨រហូតដល់ខែមិថុនាឆ្នាំ២០១៨។ លោកថា អង្គការស៊ីប៉ា និងសមាគមរោងចក្រកាត់ដេរGMACនឹងចាប់ផ្តើមជ្រើសរើសរោងចក្រចំនួន៨ថែមទៀតនៅក្នុងត្រីមាសទី២ឆ្នាំនេះ។ លោកថា បើទោះបីជាកម្មករកម្មការិនីមានពេលវេលាតិចសម្រាប់ការអានសៀវភៅមែនប៉ុន្តែការអាននេះនឹងរួមចំណែកក្នុងការទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត។
អ្នកស្រី Nicoli តំណាងរោងចក្រ Sabrina (Cambodia) Garment Manufacturing Corpបានបញ្ជាក់ថា សៀវភៅគឺជាវត្ថុដ៏មានតម្លៃដែលអាចផ្តល់ចំណេះដឹងនិងរឿងរ៉ាវជាច្រើនទាំងអតីតកាល បច្ចុប្បន្ន និងការសំឡឹងទៅអនាគត។ លោកស្រីបន្តថា សៀវភៅក៏នឹងនាំអ្នកអានទៅកាន់ពិភពមួយថ្មីរស់រវើកផងដែរ។ លោកស្រីរំពឹងដែរថា ការបើកដំណើរការបណ្ណាល័យនៅពេលនេះនឹងជួយពង្រឹងពង្រីកសមត្ថភាពចំណេះដឹងដល់កម្មករនិយោជិតបានកាន់តែច្រើន។
អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេនៅកម្ពុជា លោក កាំង ម៉ូនីកា បានបញ្ជាក់ក្នុងឱកាសនេះដែរថា បណ្ណាល័យពិតជាមានសារៈសំខាន់ដល់កម្មករនិយោជិតដែលអាចឲ្យពួកគេអភិវឌ្ឍន៍ចំណេះដឹង សមត្ថភាពកាន់តែប្រសើរ។ លោកបញ្ជាក់ថា វាក៏អាចជួយកាត់បន្ថយភាពមិនចេះអក្សររបស់ប្រជាពលរដ្ឋខ្មែរពិសេសកម្មករកម្មការិនីតែម្តង។ លោកបន្តថា សមាគមរោងចក្រនៅកម្ពុជាក៏នៅតែបន្តមានឆន្ទៈជួយជំរុញចំណេះដឹង ជំនាញរបស់កម្មករឲ្យកាន់តែប្រសើរស្របពេលដែលបរិបទប្រកួតប្រជែងជាមួយនឹងប្រទេសដទៃក្តី។
រដ្ឋលេខាធីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហ៊ុយ ហាន់សុង បានបញ្ជាក់ក្នុងពិធីនេះផងដែរថា បណ្ណាល័យគឺជាជម្រុកចំណេះដឹងដែលកម្មករកម្មការិនីគួរតែចូលដើម្បីធ្វើការសិក្សាស្វែងយល់។ លោកបញ្ជាក់ថា បើទោះបីជាមានពេលវេលាតិចតួចក្តី ឬមិនមានពេលវេលាច្រើនដើម្បីស្រាវជ្រាវក្តីក៏វាជាឱកាសសម្រប់ពួកគេបានស្វែងយល់បន្ថែមដែលមានទាំងចំណេះដឹងទូទៅ ការថែទាំសុខភាពសម្រស់ វិជ្ជាមេផ្ទះជាដើម។ លោកស្នើដល់កម្មករកុំមើលងាយ និងរើសអើងខ្លួនឯង គួរបន្ថែមចំណេះដឹងអ្វីដែលខ្លួនគួរយល់ដឹងដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងក្រុមគ្រួសារ។ លោករំពឹងទុកថា បណ្ណាល័យនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រីកបង្កើនចំណេះដឹងជំនាញដល់កម្មកកម្មការិនី ហើយលោកជឿជាក់ថា នឹងមានបណ្ណាល័យល្អៗបែបនេះបន្តបន្ទាប់ទៀតនៅពេលខាងមុខ៕ វឌ្ឍនា