ភ្នំពេញ ៖ ក្រុមក្មេងស្ទាវលេងដាវសាម៉ូរ៉ៃ៣នាក់ ត្រូវបានសមត្ថកិច្ចនគរបាលផ្នែកអន្តរាគមន៍នៃអធិករដ្ឋាននគរបាលខណ្ឌសែនសុខ ប្រទះឃើញហើយក៏ឃាត់ខ្លួនត្រង់ចំណុចផ្លូវលេខ២០០៤ កែងផ្លូវណតប្រ៊ីដ និងបានបញ្ជូនទៅកាន់បុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។
ក្រុមក្មេងសា្ទវជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១ ឈ្មោះជ្រង សុខរាជ្យ ភេទប្រុស អាយុ២០ឆ្នាំ, ទី២ ឈ្មោះស៊្រុន លីហេង ភេទប្រុស អាយុ២០ និងទី៣ ឈ្មោះឈឿន សុខហេង ភេទប្រុសអាយុ២៣ឆ្នាំ ទាំង៣នាក់មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនបាននេះ ខណៈដែលកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខកំពុងដាក់គោលដៅនៅចំណុចខាងលើ ហើយក៏ប្រទះឃើញជនសង្ស័យទាំង៣នាក់ជិះម៉ូតូម៉ាកwave RSX ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1FE-5278 មួយគ្រឿង ឌុបគ្នាក្នុងទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវលេខ២០០៤ ។ លុះមកដល់ចំណុចកើតហេតុ កម្លាំងក៏បាន ហៅឈប់ដើម្បីត្រូតពិនិត្យឃើញនៅលើខ្លួនក្រុមក្មេងជនសង្ស័យនោះ រកឃើញទូរស័ព្ទដៃទំនើប៤គ្រឿង និងទូរស័ព្ទស៊េរីធម្មតាចំនួន៣គ្រឿងទៀត ដែលសុទ្ធតែបិទប្រព័ន្ធចោលមិនដំណើរការទាំងអស់ ទើបសមត្ថកិច្ចមានការសង្ស័យក៏ឃាត់ខ្លួន បញ្ជូនទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ទឹកថ្លា បន្តការសាកសួរតែម្តង។
តាមចម្លើយសរភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមសា្ទវជាជនសង្ស័យទាំង៣នាក់បាននិយាយថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពយក ដាវសាមម៉ូរ៉ៃកាប់ប្លន់យកទ្រព្យសម្បតិ្ត របស់ប្រជាពលរដ្ឋនៅតាមផ្លូវពិតប្រាកដមែន ។ ហើយដាវនោះពួកគេបានយកទៅលាក់ទុកនៅក្នុងគម្ពោធព្រៃក្បែរនោះចំនួន១ដើម។ យោងតាមចម្លើយសារភាព ក្រុមជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្ដិ៍មូលដ្ឋាន បញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការបន្ត ។
តាមប្រភពពីមន្រ្ដីនគរបាលប៉ុស្ដិ៍ទឹកថ្លាបានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ទូរស័ព្ទដែលក្រុមជនសង្ស័យបានបិទប្រព័ន្ធសេវាចោលមិនដំណើរការទាំងអស់ខាងលើនោះ ក្រោយពីបើកដំណើរការឡើងវិញ ស្រាប់តែមានម្ចាស់ទូរស័ព្ទCallចូលមកបណ្តើរៗ ហើយត្រូវបានសមត្ថកិច្ចបា្រប់ឱ្យមក ដាក់ពាក្យបណ្តឹង ដើម្បីទទួលយកទូរស័ព្ទរបស់ខ្លួនទៅវិញនៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា ៕ វិបុល