ខេត្តកណ្តាល ៖ ក្មេងប្រុសអាយុមួយខួបកន្លះដើរជាន់ដំណរខ្សែភ្លើងដែលតភ្ជាប់ជាមួយម៉ូទ័របូមទឹកបណ្តាលឲ្យឆក់ស្លាប់យ៉ាងអណោចអធ័ម កាលពីវេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។
កុមាររ៉ារងគ្រោះឈ្មោះ នី រក្សា ភេទប្រុស អាយុមួយខួបកន្លះ មានឪពុកឈ្មោះ ម៉ាក់ ចាន់នី អាយុ៣១ឆ្នាំ និងម្ដាយឈ្មោះ ឃីម ស្រីទីន អាយុ១៩ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ។
មន្ត្រីនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុឪពុកម្តាយក្មេងប្រុសរងគ្រោះបាននាំគ្នាររៀបចំរាយខ្សែភ្លើង ដើម្បីតភ្ជាប់ចរន្តទៅកាន់ម៉ូទ័របូមទឹកដាក់ពាង ខណៈឪពុកម្តាយរវល់មិនទំនេដៃនោះកុមាររ៉ារងគ្រោះបានដើរទៅជាន់ចំមុខដំណរខ្សែភ្លើងដែលមិនបានបិទស្គុត បណ្តាលឲ្យឆក់ ។
ឃើញដូច្នេះស្ត្រីជាម្តាយបានរត់ទៅចាប់ទាញកូនប្រុស ទាំងមិនទាន់បិទបារ៉ែតភ្លើងធ្វើឲ្យចរន្តអគ្គិសនីឆក់ស្ត្រីជាម្តាយបន្តទៀត តែត្រូវបានបុរសជាឪពុកបិទបារ៉ែតទាន់ពេលវេលាមិនបណ្តាលឲ្យស្ត្រីជាម្តាយស្លាប់នោះទេ ដោយឡែកកូនប្រុសអាយុមួយខួបកន្លះនោះបានស្លាប់ ហើយត្រូវបានឪពុកម្តាយចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ស្អាងជ័យ