លោក ឃួង ស្រេង គ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុននៅប៉ុន្មានថ្ងៃទៀតនេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា៖ អាជ្ញាធរខណ្ឌរាជធានីភ្នំពេញគ្រោងពង្រីកវិសាលភាពនៃការលក់ដូរនៅតាមផ្សាររដ្ឋទាំង២៥ឱ្យបានទូលំទូលាយជាងមុន ក្រោយពីផ្សាររដ្ឋនានានៅទូទាំងរាជធានីភ្នំពេញ មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩បន្ថែមទៀត ខណៈបានបើកឱ្យដំណើរការប្រមាណ២សប្តាហ៍ហើយនោះ បើទោះបីនៅតាមបណ្ដារោងចក្រសហគ្រាសមួយចំនួននៅតែបន្តឆ្លងជាបន្តបន្ទាប់ក៏ដោយ។
នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយនៅសាលារាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០៨ខែមិថុនា ឆ្នាំ២០២១ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ផ្សាររដ្ឋទាំង២៥ត្រូវបានអាជ្ញាធររាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការលក់ដូរឡើងវិញប្រមាណ ២សប្ដាហ៍កន្លងមកហើយ ដោយលក់ជាគ្រឿងឧបភោគបរិភោគ ត្រី សាច់ជាដើម ។ ប៉ុន្តែមកដល់ពេលនេះ ពោលគឺក្រោយពីបើកឲ្យដំណើរការឡើងវិញនោះ ឃើញថា នៅតាមផ្សាររដ្ឋទាំង២៥មិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។ ដូច្នេះរដ្ឋបាលរាជធានីភ្នំពេញនឹងពង្រីកវិសាលភាពនៃការបើកផ្សារទាំង២៥នេះឱ្យបានធំទូលាយជាងមុន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីលោកបញ្ជាក់ថា៖ មុននឹងបើកវិសាលភាពផ្សារឱ្យបានទំលំទូលាយជាងមុននេះ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការកោះប្រជុំជាមួយនឹងគណៈកម្មការផ្សារទាំង២៥ជាមុនសិន ដើម្បីពិនិត្យលទ្ធភាពថា តើយើងគួរតែពង្រីកវិសាលភាពផ្សារឱ្យបានក្នុងកម្រិតណា។ ក្រោយពីមានការប្រជុំពិភាក្សាគ្នាហើយនោះរដ្ឋបាលរាជធានីភ្នំពេញនឹងចេញសេចក្តីជូនដំណឹងថ្មីមួយទៀតដើម្បីជម្រាបជូនទៅគណៈកម្មការផ្សារទាំង២៥ និងសាធារណជនឱ្យបានជ្រាបជាព័ត៌មាន ដោយសារតែប្រជាពលរដ្ឋភាគច្រើនបំផុតហើយ បានចេះការពារខ្លួនទៅតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងការអនុវត្តវិធានការ ៣កុំ ៣ការពារបានល្អ មានន័យថា ពួកគាត់ចេះរស់នៅក្នុងបរិបទថ្មីជំនាន់កូវីដ- ១៩ រួចហើយដែរ ៕

...

ដោយ៖  សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print