អន្តរជាតិ៖ បើយោងតាមអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៃប្រទេសអាហ្វហ្កានីស្ថាន បានប្រកាសនៅថ្ងៃពុធទី៩ ខែមិថុនា ឆ្នាំ២០២១នេះថា៖ យ៉ាងហោចណាស់មនុស្សចំនួន ១០នាក់ស្លាប់ និង ១៤នាក់ទៀតបានរងរបួស ដោយខ្មាន់កាំភ្លើង កាលពីយប់ថ្ងៃអង្គារម្សិលមិញនេះ បានធ្វេីការវាយប្រហារទៅលើជំរំរបស់អង្គការដោះមីន HALO Trust នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។
មិនតែប៉ុណ្ណោះ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ បានបន្ទោសក្រុមតាលីបង់ចំពោះការវាយប្រហារ ទៅលើជំរំរបស់អង្គការនេះស្ថិតនៅក្នុងខេត្តបាកឡាន ភាគខាងជើង តែក្រុមតាលីបង់បានចេញមកបដិសេធភ្លាមៗថា ពួកគេមិនពាក់ព័ន្ធនឹងការវាយប្រហារនេះឡើយ។
សូមជម្រាបថា ប្រទេសអាហ្វហ្គានីស្ថាន គឺជាប្រទេសមួយស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលផ្នែកធំៗរបស់ប្រទេស ត្រូវបន្សល់ទុកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះយ៉ាងរ៉ាយប៉ាយ។ ចំណែកមួយចំនួនទៀត ត្រូវបានពួកបះបោរបង្កប់ ដើម្បីវាយប្រហារលើក្បួនរថយន្តយោធារដ្ឋាភិបាល ប៉ុន្តែជនស៊ីវិលបែរជារងគ្រោះញឹកញ៉ាប់ទៅវិញ។
គួរបញ្ជាក់ថា ចំពោះបេសកកម្មអង្គការសហប្រជាជាតិ នៅប្រទេសអាហ្វហ្គានីស្ថាន រយៈពេល៣ខែដំបូងនៃឆ្នាំ២០២១នេះ ជនស៊ីវិលចំនួន ១.៧៨៣នាក់ ត្រូវបានសម្លាប់ឬបង្កឱ្យរងរបួសដោយគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដោយកើនមានឡេីង ២៩ភាគរយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ដោយ៖ស តារា
រូបភាព៖ មឈូសជនរងគ្រោះ ដែលជាបុគ្គលិកអង្គការ HALO Trust ស្លាប់ក្រោយពីការវាយប្រហារកាលពីថ្ងៃអង្គារម្សិលមិញនេះ