​សមាជិក​អង្គការ​ដោះ​មីន​ ចំនួន​ ១០​នាក់​ នៅ​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​ ត្រូវ​ខ្មាន់កាំភ្លើង​សម្លាប់​ និង​ ១៤នាក់ទៀតរងរបួស

ចែករំលែក៖

អន្តរជាតិ​៖ បើយោង​តាមអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ នៃប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​ បានប្រកាសនៅថ្ងៃពុធទី៩​ ខែមិថុនា​ ឆ្នាំ​២០២១នេះថា៖​ យ៉ាង​ហោច​ណាស់​មនុស្សចំនួន​ ​១០​នាក់ស្លាប់​ ​និង​ ​១៤​នាក់​ទៀតបានរងរបួស​ ដោយខ្មាន់កាំភ្លើង​​​ កាល​ពី​យប់​ថ្ងៃ​អង្គារម្សិលមិញនេះ​ បានធ្វេីការវាយប្រហារ​ទៅលើ​ជំរំ​របស់អង្គការ​ដោះមីន HALO Trust​ ​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្កានី​ស្ថាន​។​

មិនតែប៉ុណ្ណោះ​ មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃរូបនេះ​ បាន​បន្ទោស​ក្រុម​តា​លី​បង់​ចំពោះ​ការវាយប្រហារ​ ទៅលើ​ជំរំ​របស់​អង្គការ​នេះស្ថិតនៅក្នុង​ខេត្ត​បាក​ឡាន​ ភាគ​ខាងជើង តែ​ក្រុម​តា​លី​បង់​បាន​ចេញ​មក​បដិសេធ​ភ្លាម​​ៗថា​ ពួកគេ​មិន​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ​នេះ​ឡើយ​​។​

​សូមជម្រាប​ថា​ ប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន គឺ​ជា​ប្រទេស​មួយ​ស្ថិត​ក្នុងចំណោម​ប្រទេស​មួយចំនួន​ដែល​ផ្នែក​ធំៗ​របស់​ប្រទេស​ ​ត្រូវ​បន្សល់​ទុក​គ្រាប់មីន​ ​និង​គ្រាប់​មិន​ទាន់​ផ្ទុះ​យ៉ាង​រ៉ា​យ​ប៉ាយ​។​ ចំណែក​មួយចំនួន​ទៀត​ ត្រូវបាន​ពួក​បះបោរ​បង្កប់​ ដើម្បី​វាយ​​ប្រហា​រលើ​ក្បួន​រថយន្ត​យោធា​រដ្ឋាភិបាល ប៉ុន្តែ​ជន​ស៊ីវិលបែរជា​រងគ្រោះ​​ញឹក​ញ៉ាប់ទៅវិញ។

​គួរបញ្ជាក់ថា ចំពោះបេសកកម្ម​អង្គការ​សហប្រជាជាតិ​ នៅប្រទេស​អា​ហ្វ​ហ្គានី​ស្ថាន រយៈពេល៣ខែ​ដំបូង​នៃ​ឆ្នាំ​២០២១នេះ ជន​ស៊ីវិល​ចំនួន​ ១.៧៨៣​នាក់​ ត្រូវបាន​សម្លាប់​ឬ​បង្ក​ឱ្យ​រង​របួស​ដោយ​គ្រាប់មីន​ និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ ដោយ​កើនមានឡេីង​ ​២៩​ភាគរយ​ ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំមុន​៕ដោយ​៖ស​ តារា​

...

រូបភាព​៖​ ​មឈូស​ជនរងគ្រោះ​ ដែល​ជាបុគ្គលិក​អង្គការ HALO Trust​ ស្លាប់​ក្រោយ​ពី​ការវាយប្រហារ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញនេះ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print