ខេត្តកំពង់ចាម៖ បច្ចុប្បន្ននេះយេីងសង្កេតឃេីញថា ប្រជាពលរដ្ឋមួយចំនួនរស់នៅតាមដងទន្លេមេគង្គក្នុងខេត្តកំពង់ចាម ដើម្បីដោះស្រាយជីវភាពគ្រួសារ ពួកគាត់បានប្រកបអាជីពរាវលៀស នៅតាមដងទន្លេ។ ខណៈដែលឈ្មួញកណ្ដាល បានសម្រុកចុះទៅទិញដល់មាត់ច្រាំងទន្លេក្បែរក្រោមស្ពានគីហ្សុណា ក្នុងក្រុងកំពង់ចាម ដើម្បីយកទៅលក់បន្តនៅឯខេត្តព្រៃវែង និងរាជធានីភ្នំពេញ។
បេីតាមអាជីវករលក់លៀសលោក ហឿន សុខហេង វ័យ២៦ឆ្នាំ រស់នៅខេត្តព្រៃវែង បានឲ្យដឹងថា ជារៀងរាល់ថ្ងៃគាត់បានទៅទិញលៀសពីខេត្តកំពង់ចាម ដោយដឹករថយន្តរបស់ខ្លួនក្នុងរង្វង់ពី៣០ទៅ៤០ធុង នៅពេលល្ងាចដឹកយកទៅបោះឱ្យម៉ូយ នៅតាមបណ្ដាស្រុកមួយចំនួនក្នុងខេត្តព្រៃវែង រហូតដល់ម៉ោង៩ ឬទៅ១០យប់ទើបចូលផ្ទះសម្រាក។
អាជីវកររូបនេះ បន្តថា ការប្រកបរបរនេះ គឺគាត់ស្នងតំណែងពីឪពុកម្ដាយរបស់គាត់ បានដើរទិញលៀសនៅតាមបណ្ដាខេត្តមួយចំនួនយកមកលក់ក្នុងខេត្តព្រៃវែង តែដោយរាល់ថ្ងៃនេះឪពុកកាន់តែចាស់ណាស់ទៅហើយ ដូច្នេះរូបគេបានបន្តមុខរបរនេះពីឪពុកម្ដាយដោយបានចុះប្រមូលទិញលៀសមកដល់ក្រុងកំពង់ចាម។ ជាមធ្យមក្នុងមួយថ្ងៃ គាត់ដឹកបានតែមួយជើងប៉ុណ្ណោះសម្រាប់ប្រាក់ចំណេញវិញបានប្រហែលជាង២០ម៉ឺនរៀល ក្រោយពីចាក់សាំងរថយន្ត និងការហូបចុកផ្សេងៗ។
ចំណែកនៅក្នុងរដូវវស្សាឆ្នាំ២០២១នេះ ពេលណាលៀសនៅខេត្តកំពង់ចាមអស់ គាត់នឹងត្រូវទិញនៅតាមតំបន់ផ្សេងទៀតក្រៅពីខេត្តកំពង់ចាម ព្រោះថា រដូវលៀសឱ្យផល គឺពេលវេលាមិនដូចគ្នាទេ។ សម្រាប់របរដែលទិញលៀសនេះ រូបគេមិនដឹងថា តើកូននឹងអាចស្នងរបបនេះដែរឬទេ? បើសិនជាកូនគិតថា មុខរបរនេះពិបាកនោះគេនឹងអាចឈោងចាប់យករបរផ្សេងទៀត ដើម្បីរកកម្រៃថវិកាមកដោះស្រាយជីវភាពគ្រួសារ ។
ដោយឡែកអាជីវករម្នាក់ទៀតគឺអ្នកស្រី ឆេង រស់ អាយុ៥០ឆ្នាំ រស់នៅក្នុងខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា ក្រៅពីទំនេរដាំដុះស្រូវរួចរាល់ គាត់ឆ្លៀតបន្ថែមមុខរបរមួយទៀត គឺទិញលៀសពីមាត់ទន្លេក្រុងកំពង់ចាម ដឹកតាមរថយន្តឈ្នួលយកទៅលក់នៅម្ដុំមុខរ៉ារាជធានីភ្នំពេញ ដោយក្នុងមួយជើងគាត់អាចទទួលបានប្រាក់ចំណេញប្រមាណជាង៥ម៉ឺនរៀល គ្រាន់នឹងដោះស្រាយជីវភាពគ្រួសារ ។ ខណៈរាល់ថ្ងៃគាត់ព្រួយបារម្ភពីជំងឺ COVID-19 ប៉ុន្តែគាត់ក៏មានវិធីការពារដោយប្រើប្រាស់ម៉ាសសំរាប់ពាក់ រួមទាំងអាល់កុលលាងដៃជាដើម ព្រមទាំងបានចាក់វ៉ាក់សាំងការពារកូវីដរួចរាល់ដែរ ហេីយមុខរបរនេះ គាត់បានចាប់ផ្ដើមអស់រយៈពេល ៣ទៅ៤ឆ្នាំមកហើយ ។
ជាមួយគ្នានេះ អ្នកស្រីជា សុខហៀង អាយុ៣៨ឆ្នាំ រស់នៅឃុំកៀនជ្រៃ ស្រុកកំពង់សៀម ជាអ្នកអូសលៀសលក់បានរៀបរាប់ថា៖ កាលពីឆ្នាំ២០២០កន្លងទៅ លៀសដែលគាត់គេអូសតាមដងទន្លេមេគង្គក្នុងមួយបាវ អាចលក់បាន១៥ម៉ឺនរៀល តែមកដល់ឆ្នាំ២០២១នេះ ពេលដែលជំងឺកូវីដ-១៩ បានផ្ទុះឡើងធ្វើឲ្យតម្លៃលៀសមួយបាវបានធ្លាក់ចុះនូវតែ៥ម៉ឺនរៀលជាងប៉ុណ្ណោះ ។
អ្នកស្រី បន្តថា មានពេលខ្លះ គាត់កំពុងតែអូសតាមដងទន្លេជួនមេឃខ្មៅងងឹតភ្លៀងធ្លាក់លាយឡំ នឹងខ្យល់កន្ត្រាក់ធ្វើឱ្យទូកម៉ាស៊ីនរបស់គាត់ត្រូវលិចក៏មាន។ បន្ថែមថា ទោះបីជាទូកលិចតែមិនបានគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ដោយមនុស្សនៅលើទូកសុទ្ធតែចេះហែលទឹក និងមានប៊ីដុងតោងហែលទៀតផង ។
បន្ថែមពីនេះទៅទៀត អ្នកស្រីជា សុខហៀង បានសង្កត់ធ្ងន់ថា រាល់ថ្ងៃគាត់ចិញ្ចឹមកូនបីនាក់ គាត់ខំប្រឹងរកដេីម្បីឲ្យកូនបានរៀនសូត្រនឹងគេ ក្រែងថ្ងៃអនាគតល្អ។ ចំណែកគាត់ចេញរាវលៀសរាល់ថ្ងៃនេះ គឺមានគ្នា៣នាក់ ពេលលក់បាន១៥ម៉ឺនរៀល ចឹងចែកគ្នាបានប្រហែលជាង៤ម៉ឺនរៀលប៉ុណ្ណោះ៕ដោយ៖សហការី