លៀស​ខេត្ត​កំពង់ចាម​ កំពុង​មានទីផ្សារល្អ​ ខណៈ​ឈ្មួញ​​សម្រុកទៅទិញយកមកលក់នៅ​ខេត្តព្រៃវែង​ និងរាជធានីភ្នំពេញ

ចែករំលែក៖

ខេត្តកំពង់ចាម៖​ បច្ចុប្បន្ន​នេះ​យេីងសង្កេតឃេីញថា​ ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់នៅ​តាម​ដង​ទន្លេមេគង្គក្នុងខេត្តកំពង់ចាម​ ​ដើម្បី​​ដោះស្រាយ​ជីវភាព​គ្រួសារ ពួកគាត់បាន​ប្រកប​អាជីព​រាវ​លៀស នៅ​តាម​ដង​ទន្លេ។​ ខណៈ​ដែល​ឈ្មួញកណ្ដាល​ បានសម្រុក​ចុះ​ទៅ​ទិញ​ដល់​មាត់ច្រាំង​ទន្លេ​ក្បែរ​ក្រោម​ស្ពាន​គី​ហ្សុ​ណា ក្នុង​ក្រុង​កំពង់ចាម ដើម្បី​យក​ទៅ​លក់​បន្តនៅ​ឯខេត្តព្រៃវែង និង​រាជធានី​ភ្នំពេញ។

បេីតាមអាជីវករលក់លៀសលោក​ ហឿ​ន សុខហេង វ័យ​២៦​ឆ្នាំ រស់នៅ​ខេត្តព្រៃវែង​ បានឲ្យ​ដឹង​ថា ជារៀង​រាល់​ថ្ងៃ​គាត់បានទៅទិញលៀសពីខេត្តកំពង់ចាម​ ដោយដឹករថយន្តរបស់ខ្លួន​ក្នុង​រង្វង់​ពី​៣០​ទៅ​៤០​ធុង នៅ​ពេល​ល្ងាច​ដឹក​យក​ទៅ​បោះ​ឱ្យ​ម៉ូយ នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ក្នុង​ខេត្តព្រៃវែង រហូត​ដល់​ម៉ោង​៩ ឬ​ទៅ​១០​យប់​ទើប​ចូល​ផ្ទះ​សម្រាក។

អាជីវករ​រូប​នេះ​ បន្ត​ថា ការប្រកបរបរនេះ​ គឺគាត់ស្នង​តំណែង​ពី​ឪពុក​ម្ដាយ​របស់គាត់​ បាន​ដើរ​ទិញ​លៀស​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​យក​មក​លក់​ក្នុង​ខេត្តព្រៃវែង តែ​ដោយ​រាល់​ថ្ងៃនេះ​ឪពុក​កាន់តែ​ចាស់​ណាស់​ទៅ​ហើយ ដូច្នេះ​រូបគេ​បាន​បន្ត​មុខរបរ​នេះ​ពី​ឪពុក​ម្ដាយ​ដោយ​បាន​ចុះ​ប្រមូល​ទិញ​លៀស​មក​ដល់​ក្រុង​កំពង់ចាម។​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ គាត់​ដឹកបាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​សម្រាប់​ប្រាក់​ចំណេញ​វិញ​បាន​ប្រហែល​ជាង​២០​ម៉ឺន​រៀល ក្រោយ​ពី​ចាក់​សាំង​រថយន្ត និង​ការ​ហូប​ចុក​ផ្សេង​ៗ។

ចំណែក​នៅ​ក្នុង​រដូវវស្សា​ឆ្នាំ​២០២១នេះ​ ពេល​ណា​លៀស​នៅខេត្ត​កំពង់ចាម​អស់ គាត់​នឹង​ត្រូវ​ទិញ​នៅ​តាម​តំបន់​ផ្សេង​ទៀត​ក្រៅពី​ខេត្តកំពង់ចាម ព្រោះថា រដូវ​លៀស​ឱ្យ​ផល គឺ​ពេលវេលា​មិន​ដូច​គ្នា​ទេ។ សម្រាប់​របរ​ដែល​ទិញ​លៀស​នេះ រូបគេ​មិនដឹង​ថា តើ​កូន​នឹង​អាច​ស្នង​របប​នេះ​ដែរ​ឬទេ? បើសិនជា​កូន​គិត​ថា មុខរបរ​នេះ​ពិបាក​នោះ​គេ​នឹង​អាច​ឈោង​ចាប់​យក​របរ​ផ្សេង​ទៀត ដើម្បី​រក​កម្រៃ​ថវិកា​មក​ដោះស្រាយ​ជីវភាព​គ្រួសារ ។

ដោយ​ឡែក​អាជីវករ​ម្នាក់​ទៀត​គឺអ្នកស្រី ឆេ​ង រស់ អាយុ​៥០​ឆ្នាំ រស់នៅ​ក្នុង​ខេត្តកំពង់ចាម ក៏បានបញ្ជាក់ថា​ ក្រៅពី​ទំនេរ​ដាំ​ដុះ​ស្រូវរួចរាល់​ គាត់​ឆ្លៀត​បន្ថែម​មុខរបរ​មួយទៀត គឺ​ទិញ​លៀស​ពី​មាត់ទន្លេ​ក្រុង​កំពង់ចាម​ ​ដឹក​តាម​រថយន្តឈ្នួល​យក​ទៅ​លក់​នៅ​ម្ដុំ​មុខ​រ៉ារាជធានី​ភ្នំពេញ ដោយ​ក្នុង​មួយ​ជើង​គាត់​អាច​ទទួល​បាន​ប្រាក់​ចំណេញ​ប្រមាណ​ជាង​៥​ម៉ឺន​រៀល គ្រាន់​នឹង​ដោះស្រាយ​ជីវភាព​គ្រួសារ ។​ ខណៈ​រាល់ថ្ងៃ​គាត់​ព្រួយបារម្ភ​ពី​ជំងឺ COVID-19 ប៉ុន្តែ​គាត់​ក៏​មាន​វិធី​ការពារ​ដោយ​ប្រើប្រាស់​ម៉ាស​សំរាប់​ពាក់ រួម​ទាំង​អាល់កុល​លាងដៃ​ជាដើម ព្រមទាំង​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​រួចរាល់​ដែរ ហេីយ​មុខ​របរ​នេះ​ គាត់​​បាន​ចាប់ផ្ដើម​អស់រយៈពេល​ ៣​ទៅ​៤​ឆ្នាំ​មក​ហើយ ។

ជាមួយគ្នានេះ​ អ្នកស្រី​ជា សុខ​ហៀ​ង អាយុ​៣៨​ឆ្នាំ រស់នៅ​ឃុំ​កៀន​ជ្រៃ ស្រុក​កំពង់សៀម ជាអ្នកអូសលៀសលក់បានរៀបរាប់ថា៖ កាលពី​ឆ្នាំ២០២០កន្លងទៅ​ លៀស​ដែល​គាត់​គេ​អូស​តាម​ដង​ទន្លេមេគង្គ​ក្នុង​មួយ​បាវ អាច​លក់​បាន​១៥​ម៉ឺន​រៀល តែ​មក​ដល់​ឆ្នាំ​២០២១នេះ ពេល​ដែល​ជំងឺ​កូ​វី​ដ​-១៩​ បានផ្ទុះ​ឡើង​ធ្វើ​ឲ្យ​តម្លៃ​លៀស​មួយ​បាវ​បាន​ធ្លាក់​ចុះ​នូវ​តែ​៥​ម៉ឺន​រៀល​ជាង​ប៉ុណ្ណោះ ។

អ្នកស្រី​ បន្ត​ថា​ មាន​ពេល​ខ្លះ គាត់កំពុង​តែ​អូស​តាម​ដង​ទន្លេ​ជួន​មេឃ​ខ្មៅ​ងងឹត​ភ្លៀង​ធ្លាក់​លាយឡំ​ នឹង​ខ្យល់​កន្ត្រាក់​ធ្វើ​ឱ្យ​ទូក​ម៉ាស៊ីន​របស់​គាត់​ត្រូវ​លិច​ក៏​មាន។​​ បន្ថែម​​ថា ទោះបីជា​ទូក​លិច​តែ​មិន​បាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​នោះ​ទេ ដោយ​មនុស្ស​នៅ​លើ​ទូក​សុទ្ធតែ​ចេះ​ហែល​ទឹក និង​មាន​ប៊ីដុង​តោង​ហែល​ទៀត​ផង ។

បន្ថែមពីនេះ​ទៅទៀត​​ អ្នកស្រី​ជា សុខ​ហៀ​ង បានសង្កត់ធ្ងន់ថា​ រាល់ថ្ងៃគាត់​ចិញ្ចឹម​កូន​បី​នាក់ គាត់ខំប្រឹងរកដេីម្បីឲ្យ​កូនបាន​រៀនសូត្រ​នឹង​គេ ក្រែង​ថ្ងៃ​អនាគត​ល្អ។ ចំណែក​គាត់​ចេញ​រាវ​លៀស​រាល់ថ្ងៃនេះ គឺមានគ្នា៣នាក់​ ពេល​លក់​បាន​១៥​ម៉ឺន​រៀល ចឹងចែក​គ្នា​បាន​ប្រហែល​ជាង​៤​ម៉ឺន​រៀល​ប៉ុណ្ណោះ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print