ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញ នៃក្រសួងសុខាភិបាល កាលពីរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញមន្ត្រីសាលាខណ្ឌមានជ័យ ចំនួន១០រូប មានវិជ្ជមានកូវីដ-១៩ ក្នុងនោះមាន២ រូប ម្នាក់ជាជំនួយការ និងម្នាក់ទៀតជាអ្នកបើកបររថយន្តរបស់លោកអភិបាលខណ្ឌផ្ទាល់។
ប្រភពដដែល បន្តថា អ្នកទាំង១០នាក់ ក្រោយការពិនិត្យឃើញវិជ្ជមានហើយនោះ ត្រូវបានក្រុមគ្រូពេទ្យចុះទៅទទួលយកទៅកាន់មជ្ឈមណ្ឌលកោះពេជ្រ នៅយប់ថ្ងៃដដែល ដើម្បីយកទៅធ្វើការព្យាបាល។ ចំណែកមន្ត្រីទាំង១០នាក់ខាងលើ ក្នុងនោះមានស្ត្រីចំនួន២នាក់ បម្រើការក្នុងសាលាខណ្ឌមានជ័យខាងលើ ពុំត្រូវបានបញ្ចេញអត្តសញ្ញាណឡើយ ហើយក៏ពុំដឹងថា មានតួនាទី ឬបម្រើការងារនៅការិយាល័យណាមួយ ចំណុះសាលាខណ្ឌផងដែរ ។
ដោយឡែកភ្លាមៗនោះ មន្ត្រីបម្រើការងារចំនួន៦៨នាក់ផ្សេងទៀត ដែលមានការប៉ះពាល់ផ្ទាល់ និងប្រយោល ក៏ត្រូវបានក្រុមគ្រូពេទ្យធ្វើសំណាកផងដែរ ប៉ុន្តែលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ ក្នុងចំណោមមនុស្សទាំង៦៨នាក់ ដែលធ្វើសំណាកនោះ ក៏មានលោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យផងដែរ ប៉ុន្តែលទ្ធផលគឺអវិជ្ជមានដូចគ្នា ។
ជុំវិញករណីនេះដែរ បើតាមមន្ត្រីសាលាខណ្ឌមានជ័យ បានឱ្យដឹងនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នេះ ចំពោះមន្ត្រីដែលធ្វើតេស្តសំណាករួច លទ្ធផលអវិជ្ជមាន គឺបានមកធ្វើការជាធម្មតា។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌមានជ័យ ទោះបីមានក្រុមមន្ត្រីសាលាខណ្ឌ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ យ៉ាងណាក្ដី ក៏នូវតែបម្រើការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋធម្មតាដូចសព្វមួយដង។ ប៉ុន្តែសាលាខណ្ឌ បន្តអនុវត្តវិធានសុខាភិបាលយ៉ាងខ្ជាប់ខ្ជួន មានដូចជា៖ ការបាញ់អាល់កុល តម្រូវអោយពាក់ម៉ាស់ ដាក់ម៉ាស៊ីនសម្រាប់វាស់កំដៅ និងរក្សាគម្លាត៕ដោយ៖សហការី