មន្ត្រី​សាលា​ខណ្ឌមានជ័យ​​ចំនួន​ ១០​នាក់ រក​ឃើញ​​វិជ្ជមាន​កូ​វី​ដ​-១៩​ ក្នុងនោះ​ជំនួយការម្នាក់​ និងអ្នកបេីករថយន្តឱ្យលោកអភិបាលខណ្ឌម្នាក់

ចែករំលែក៖

​ភ្នំពេញ៖ ក្រុមគ្រូពេទ្យជំនាញ​ នៃក្រសួងសុខាភិបាល​ កាលពីរសៀល​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២១​ បានរកឃើញមន្ត្រី​សាលា​ខណ្ឌមានជ័យ​​ ចំនួន​១០​រូប​ មាន​វិជ្ជមាន​កូ​វី​ដ-​១៩ ក្នុង​នោះ​មាន​២​ រូប​ ម្នាក់​ជា​ជំនួយការ និង​ម្នាក់​ទៀត​ជា​​អ្នកបើកបរ​​រថយន្ត​របស់​លោ​ក​អភិបាល​ខណ្ឌផ្ទាល់។

ប្រភពដដែល​ បន្តថា​ អ្នក​ទាំង​១០​នាក់​ ក្រោយ​ការ​ពិនិត្យ​ឃើញ​វិជ្ជមាន​ហើយ​នោះ​ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ​ទៅ​ទទួលយក​ទៅ​កាន់​មជ្ឈមណ្ឌល​កោះ​ពេជ្រ នៅ​យប់​ថ្ងៃដដែល ដើម្បី​យក​ទៅ​ធ្វើការ​ព្យាបាល។ ចំណែក​មន្ត្រី​ទាំង​១០​នាក់ខាងលើ ​ក្នុងនោះមាន​​ស្ត្រី​ចំនួន​២​នាក់ បម្រើ​ការ​ក្នុង​សាលា​ខណ្ឌមានជ័យ​ខាងលើ ពុំ​ត្រូវ​បាន​បញ្ចេញ​អត្តសញ្ញាណ​ឡើយ ហើយ​ក៏​ពុំ​ដឹង​ថា មាន​តួនាទី ឬ​បម្រើ​ការងារ​នៅ​ការិយាល័យ​ណាមួយ ចំណុះ​សាលា​ខណ្ឌ​ផង​ដែរ ។

ដោយឡែក​ភ្លាម​ៗ​នោះ​ មន្ត្រី​បម្រើ​ការងារ​ចំនួន​៦៨​នាក់​ផ្សេង​ទៀត ដែល​មានការ​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ធ្វើ​សំណាក​ផង​ដែរ ប៉ុន្តែ​លទ្ធផល​បញ្ជាក់​ថា អវិជ្ជមាន។​ ក្នុង​ចំណោម​មនុស្ស​ទាំង​៦៨​នាក់​ ដែល​ធ្វើ​សំណាក​នោះ ក៏​មាន​លោក​ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យផង​ដែរ ប៉ុន្តែ​លទ្ធផល​គឺ​អវិជ្ជមាន​ដូច​គ្នា ។ ​

ជុំវិញករណីនេះដែរ​ បើតាមមន្ត្រីសាលាខណ្ឌមានជ័យ​ បានឱ្យដឹងនៅព្រឹកថ្ងៃទី​​១០ ខែមិថុនា ឆ្នាំ​២០២១នេះ ​ចំពោះ​មន្ត្រីដែល​​ធ្វើតេស្តសំណាករួច លទ្ធផល​អវិជ្ជមាន​ គឺបាន​មកធ្វើការជាធម្មតា។

ជាមួយគ្នានេះ​ រដ្ឋបាលខណ្ឌមានជ័យ ទោះបីមាន​ក្រុម​មន្ត្រី​សាលា​ខណ្ឌ ​ត្រូវបានរកឃើញ​​វិជ្ជមាន​កូ​វី​ដ​-១៩​ យ៉ាង​ណាក្ដី​ ក៏​នូវតែបម្រើ​ការ​ផ្តល់​សេវា​សា​ធារ​ណៈជូន​ប្រជាពលរដ្ឋ​ធម្មតា​ដូច​សព្វមួយដង។ ប៉ុន្តែ​​សាលា​ខណ្ឌ​ ​បន្ត​អនុវត្ត​វិធាន​សុខា​ភិ​បាល​យ៉ាង​ខ្ជាប់ខ្ជួន មានដូចជា​៖​ ការ​បាញ់​អាល់កុល តម្រូវ​អោយ​ពាក់​ម៉ាស់​ ដាក់​ម៉ាស៊ីន​សម្រាប់​វាស់​កំ​ដៅ និង​រក្សា​គម្លាត​៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print