អន្តរជាតិ៖ បើតាមសារព័ត៌មានថៃ The Nation បានដកស្រង់ចេញផ្សាយពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមិថុនា ឆ្នាំ២០២១នេះ បានរាយការណ៍ស្ដីពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ២,៣១០ករណីបន្ថែមទៀត គិតត្រឹមរយៈពេល ២៤ម៉ោងប៉ុណ្ណោះ។ ចំពោះករណីឆ្លងថ្មីនេះដែរ ភាគច្រើនជាករណីឆ្លងក្នុងស្រុកផ្ទាល់ ប៉ុន្តែករណីនាំចូលមានតែ ៣៨ករណីប៉ុណ្ណោះ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានបញ្ជាក់បន្ថែមទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន២,២០៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈដែល ១០២ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ទីក្រុងបាងកក នៅតែជាកន្លែងដែលត្រូវបានរាយការណ៍ពី ការរកឃើញករណីឆ្លងថ្មីៗច្រើនជាងគេដដែល គឺចំនួន ៧៨៨ករណី។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់បន្ថែមថា អ្នកជំងឺចំនួន ៤៣នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដូចគ្នា ហើយអ្នកជំងឺចំនួន ៣,០៣៥នាក់ទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ បើគិតចាប់តាំងពីជំងឺ COVID-19 បានឆ្លងរីករាលដាលចូលមកដល់ជាលើកដំបូង កាលពីដើមឆ្នាំ២០២០ ប្រទេសថៃ បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ១៨៧,៥៣៨ករណី ក្នុងនោះមានអ្នកស្លាប់ ១,៣៧៥នាក់ និងអ្នកជាសះស្បើយ ១៣៩,២៨៧នាក់។ ចំណែកចំនួននៃអ្នកបានចាក់វ៉ាក់សាំងវិញ ថៃសម្រេចបានជាង៥.៤លានដូស៕ដោយ៖ស តារា