ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន កាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅខុនដូមួយកន្លែងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូមួយកន្លែងនៅជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ពេលចុះបង្ក្រាបនោះ ជនសង្ស័យនិងបក្ខពួកជាច្រើននាក់បានប្រើប្រាស់កាំភ្លើងAK និងកាំភ្លើងខ្លីមានគ្រប់ដៃបានបាញ់រះសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀនបណ្ដាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រងរបួស ភ្លាមៗនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
ក្រោយមក កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វានាំគ្នាសម្រុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេររកឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន ព្រមទាំងសម្បកគ្រាប់និងគ្រាប់កាំភ្លើងAKជាច្រើនគ្រាប់នៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣នោះផងដែរ។
ចុងក្រោយ កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ