ផ្ទុះអាវុធជាច្រើនគ្រាប់នៅខណ្ឌជ្រោយចង្វារវាងខ្មាន់កាំភ្លើងជាជនសង្ស័យនឹងកម្លាំងសមត្ថកិច្ចក្នុងប្រតិបត្តិការបង្រ្កាបគ្រឿងញៀន​ធ្វេីឲ្យសមត្ថកិច្ចម្នាក់រងរបួស

ចែករំលែក៖

​ ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ច​នៃមន្ទីរប្រឆាំងគ្រឿងញៀន​ កាលពីវេលាម៉ោង ជាង១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១​ បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅខុនដូមួយកន្លែងក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ ហើយត្រូវបានជនសង្ស័យជាខ្មាន់កាំភ្លើង បាញ់តដៃមកលើកម្លាំងសមត្ថកិច្ច បណ្ដាលឲ្យរបួសសមត្ថកិច្ចម្នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ​ ។

​ យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច មន្ទីរប្រឆាំងគ្រឿងញៀនបានឱ្យដឹងថា កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន ក ៣ និង ក ១០ បានធ្វើការចុះបង្ក្រាបនៅក្នុងទីតាំងចំណុចកើតហេតុខុនដូមួយកន្លែងនៅជាន់ទី១៣ តាមបណ្ដោយផ្លូវកែវចិន្តា ដែលស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា។ពេលចុះបង្ក្រាបនោះ ជនសង្ស័យនិងបក្ខពួកជាច្រើននាក់បានប្រើប្រាស់កាំភ្លើងAK និងកាំភ្លើងខ្លីមានគ្រប់ដៃបានបាញ់រះសំដៅមកលើកងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀនបណ្ដាលឲ្យកម្លាំងសមត្ថកិច្ចម្នាក់រងរបួស ភ្លាមៗនោះត្រូវបានកងកម្លាំងដូចគ្នាដឹកជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យជាបន្ទាន់។
ក្រោយមក​ កងកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនបានសហការជាមួយនឹងកងកម្លាំងអន្តរាគមន៍របស់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វានាំគ្នាសម្រុកចូលក្នុងបន្ទប់ខុនដូ ឆែកឆេររកឃើញវត្ថុតាងមានដូចជាថ្នាំញៀនជាច្រើន ព្រមទាំងសម្បកគ្រាប់និងគ្រាប់កាំភ្លើងAKជាច្រើនគ្រាប់នៅក្នុងបន្ទប់ខុនដូខាងជាន់ទី១៣នោះផងដែរ។

​ ចុងក្រោយ​ កងកម្លាំងរបស់មន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយនឹងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វាបានធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតបន្ថែមទៀតនៅជុំវិញកន្លែងកើតហេតុ ដើម្បីតាមចាប់ជនដៃដល់ដែលជាខ្មាន់កាំភ្លើងទាំងនោះយកមកផ្ដន្ទាទោសតាមច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print