ភ្នំពេញ៖ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ បានធ្វេីការកោះហៅបុរសម្នាក់ឈ្មោះ អ៊ួង សារឿន ដែលជាម្ចាស់គណនី Tik Tok ដែលបានផុសវីដេអូ ដែលជាព័ត៌មានមិនពិតថាមានជនជាតិមួយក្រុមមានគ្នា ០៥នាក់បានរត់ចេញពីកន្លែងធ្វេីចត្តាឡីស័ក។
ជាក់ស្តែងបុរសម្ចាស់គណនី Tik Tok នេះបានចូលខ្លួនមកបំភ្លឺចំពោះសមត្ថកិច្ចថា ជាព័ត៌មានមិនពិត មិនមានជនជាតិជនណាម្នាក់រត់ចេញពីកន្លែធ្វេីចត្តាឡីស័កនោះទេ។ ខណៈក្រុមជនជាតិចិននោះគ្រាន់តែជិះរថយន្តមកទីនោះហេីយឈប់រកកន្លែងបត់ជេីងតូចតែប៉ុណ្ណោះ ជាមួយនោះដែរបុរសម្នាក់នេះបានសារភាពទទួលកំហុស និងបានធ្វេីការសុំទោសជាសាធារណៈដែលខ្លួនបានផុសព័ត៌មានមិនពិតនេះដែលធ្វេីឲ្យប្រជាពលរដ្ឋ និងមជ្ឈដ្ឋានទូទៅមានការយល់ច្រឡំ ។
ក្រោយពីធ្វេីការសុំទោសរួចរាល់ ហេីយសមត្ថកិច្ចបានអប់រំណែនាំឈ្មោះ អ៊ួង សារឿន រួចក៏បានឲ្យសាមីខ្លួនវិលត្រលប់ទៅផ្ទះវិញ។
គួររម្លឹកថា កាលពីព្រលប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានពត៌មានដែលបង្ហោះក្នុង Tik Tok ដែលផ្សព្វផ្សាយថាមានជនជាតិចិនលួចរត់ចេញពីកាដ្ឋានសំណង់ MCC ស្ថិតក្នុងតំបន់បឹកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ចុះមកដល់ទីតាំងកាដ្ឋាន ដោយមានការសហការពីក្រុមហ៊ុន និងការដ្ឋានបានហៅកម្មករចេញក្រៅដើម្បីរាប់ចំនួនជាក់ស្តែងឃើញថាចំនួនកម្មករទាំងខ្មែរ និងចិនចំនួន១៩៤នាក់នៅក្នុងកាដ្ឋានទាំងអស់ គឺពុំមានកម្មករណាម្នាក់បាត់ខ្លួន ឬរត់ចេញដូចការបង្ហោះក្នុង Tik Tok ឡើយ៕ដោយ៖ស តារា