ភ្នំពេញ, លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសាងស្នាដៃប្រកបដោយការទទួលពីមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ចំពោះការរៀបរយសណ្ដាប់ធ្នាប់ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្ររាជធានីភ្នំពេញ។
ជាក់ស្តែងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ចេង មុនីរ៉ា អភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ បានបន្តដឹកនាំកម្លាំងចំរុះ ចុះតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌ ណែនាំ ជម្រុញដល់ម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ អោយរុះរើ និងចល័តចេញពីផ្ទៃទន្លេនៃភូមិសាស្ត្រខណ្ឌ ។
ដោយឡែក លោក ឃ្លាំង ហួត អភិបាលនៃគណ:អភិបាលខណ្ឌជ្រោយចង្វារចង្វារ បានថ្លែងថា , 🙏យើងចូលរួមការពារបរិស្ថានទន្លេទាំងអស់គ្នា 👉 អាចម៍ នោម របស់កខ្វក់ក្នុងទន្លេ គឺបំផ្លាញសុខភាព ខ្លួនយើង គ្រួសារយើង ប្រជាជនយើង ។
លោក ជា ពិសី អភិបាលនៃគណ:អភិបាលខណ្ឌ បានថ្លែងថា, ថ្ងៃសៅរ៍ ទី១២ ខែមិថុនា ឆ្នាំ២០២១ ខ្ញុំបានដឹកនាំ កម្លាំងចម្រុះនៃ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ចុះអនុវត្តវិធានការរដ្ឋបាលរុះរើផ្ទះបណ្តែតទឹក និងអាជីវកម្មបែរចិញ្ចឹមត្រី ដែលមិនរៀបរយទាំងអស់ នៅតាមដងទន្លេសាប ក្នុងភូមិសាស្រ្តសង្កាត់ទាំង៦ នៃខណ្ឌប្ញស្សីកែវ។ ខ្ញុំសូមអរគុណដល់បងប្អូនប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើចេញដោយខ្លួនឯង តាមការអំពាវនាវរបស់រដ្ឋបាលរាជធានីភ្នំពេញ ហើយក៏សូមអរគុណដល់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងទាំងអស់ ដែលបាននិងកំពុងអនុវត្តតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឈានឆ្ពោះទៅសម្រេចកិច្ចការខាងលើនេះបានដោយជោគជ័យ។
សូមបញ្ជាក់ថា, នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរុះរើ ឬចល័តបែចិញ្ចឹមត្រី ផ្ទះបណ្ដែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញ ដោយទុករយៈពេល ០១សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្ដីជូនដំណឹងនេះតទៅ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ជ្រាបថា កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបៃចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និង សំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយកន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាង អាណាធិបតេយ្យដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី និងការបញ្ចេញកាកសំណល់ ការ៉ បន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថាន ជីវៈចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មខាងលើ រដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ ដោយទុករយៈពេល ០១ (មួយ) សប្ដាហ៍ គិតចាប់ពីកាលបរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ។ ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់ វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្ដូរទម្លាហ៏ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ។ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងសាធារណជនជាពិសេសម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្ល ទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារសេចក្ដីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផល ប្រយោជន៍រួមរបស់រាជធានីភ្នំពេញ៕
ដោយ, សុខ ខេមរា