មេដឹកនាំកំពូលកូរ៉េខាងជើង​៖​ នៅឆ្នាំ២០២១នេះ​ សេដ្ឋកិច្ចកូរ៉េខាងជើង​ ប្រសើរឡើងវិញ តែនៅជួបវិបត្តិស្បៀងអាហារ

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ​ បានដកស្រង់ចេញផ្សាយពី​លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង​ បានអះអាងថា នៅឆ្នាំ២០២១នេះ​ សេដ្ឋកិច្ចរបស់ប្រទេសខ្លួន មានភាពប្រសើរឡើងវិញហើយ។ ប៉ុន្តែលោក​ គីម ជុងអ៊ុន​ បានអំពាវនាវឱ្យចាត់វិធានការយ៉ាងតឹងរ៉ឹងបន្ថែម ដើម្បីដោះស្រាយវិបត្តិស្បៀងអាហារ ដែលបណ្តាលមកពីការឆ្លងរាតត្បាតជំងឺ COVID-19 និងការវាយប្រហារដោយព្យុះទីហ្វុង កាលពីឆ្នាំ២០២០កន្លងទៅ។

ជាក់ស្ដែង​បើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានចុះផ្សាយថា​ លោក គីម ជុងអ៊ុន បានធ្វើជាប្រធានកិច្ចប្រជុំពេញអង្គ នៃគណៈកម្មាធិការមជ្ឈិមបក្សពលករកំពុងកាន់អំណាច កាលពីថ្ងៃអង្គារម្សិលមិញនេះ ដើម្បីត្រួតពិនិត្យឡើងវិញនូវវឌ្ឍនភាពគោលនយោបាយសំខាន់ៗ និងវិធានការសិប្បកម្ម ដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច។

នាកិច្ចប្រជុំនោះ ប្រមុខដឹកនាំកំពូលកូរ៉េខាងជើងរូបនេះ​ បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖” សេដ្ឋកិច្ចទាំងមូលនៃប្រទេសកូរ៉េខាងជើង មានភាពប្រសើរឡើងវិញហើយ នៅឆមាសទី១ នៃឆ្នាំ២០២១នេះ ដោយមានទិន្នផលឧស្សាហកម្មកើនឡើង ២៥% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន”។

យ៉ាងណាមិញ​ លោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ថា៖ “ស្ថានភាពស្បៀងអាហាររបស់ប្រជាជន នាពេលឥឡូវនេះ កាន់តែមានភាពតានតឹងឡើងហើយ ខណៈវិស័យកសិកម្ម មិនបានបំពេញទៅតាមផែនការផលិតកម្មរបស់ខ្លួន ដោយសារតែការខូចខាត បង្កឡើងដោយព្យុះទីហ្វុងកាលពីឆ្នាំ២០២០ កន្លងទៅនេះ”។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយបន្ថែមថា​ គណបក្សពលករកំពុងកាន់អំណាច បានប្តេជ្ញាដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងអស់ ក្នុងការធ្វើកសិកម្មនៅឆ្នាំ២០២១នេះ និងពិភាក្សាពីវិធីសាស្ត្រនានា ដើម្បីដោះស្រាយការឆ្លងរីករាលដាល COVID-19 ផងដែរ។

គួរបញ្ជាក់ថា​ ប្រទេសកូរ៉េខាងជើង រហូតមកទល់ពេលនេះ​ មិនទាន់បានបញ្ជាក់ជាផ្លូវការ នូវការរកឃើញករណីឆ្លងជំងឺ COVID-19 ណាមួយឡើយ។ ទោះជាយ៉ាងណា ប្រទេសនេះបានដាក់ចេញនូវវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺនេះយ៉ាងតឹងរ៉ឹង រួមមានការបិទព្រំដែន និងការរឹតត្បិតលើការធ្វើដំណើរក្នុងស្រុកជាដើម៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print