ភ្នំពេញ៖ ប្រជាជន ជនជាតិដើមភាគតិចកួយ ក្រៅពីការធ្វើស្រែចំការ ពួកគាត់បានប្រកាន់ខ្ជាប់ នូវមុខរបរចៀរជ័រច្បោះ ឬហៅថា ជ័រទឹកនោះ រហូតមកដល់សព្វថ្ងៃ ព្រោះវាអាចជួយឱ្យពួកគាត់ គ្រាន់រកចំណូលដោះស្រាយ ជីវភាពគ្រួសារ។ ជាក់ស្ដែងតាំងពីយូរលង់ណាស់មកហើយ របរជ័រទឹក ឬ ជនជាតិដើមភាគតិចកួយ ហៅថា ជ័រច្បោះ ត្រូវបានយកចេញ ពីដើមឈើមួយចំនួន ដូចជា៖ ដើមឈើទាល ដើមឈើផ្ចឹក និងឈើត្រាច ជាដើម។
បើតាមលោក នង ដេង ប្រធានសហគមន៍ស្រែទ័ព ស្ថិតនៅក្នុងតំបន់អភិរក្ស សត្វព្រៃព្រះរកា ខេត្តព្រះវិហារ បានថ្លែងថា សព្វថ្ងៃ លោកមានដើមច្បោះ ១០០៨ ដើម ហើយក្នុងនេះ មួយដើម អាចផ្តល់ជាជ័រ ក្នុងមួយខែ ១០២៥ កាន ហើយអាចលក់បាន ៨ ម៉ឺនរៀល។
ប្រធានសហគមន៍ស្រែទ័ពរូបនេះ ថ្លែងបន្តថា នៅតំបន់សហគមន៍ស្រែ ទ័ពនេះ មានទំហំដី ចំនួន ៣៤៩០ ហិកតា ហើយក្នុងចំណោមនេះ ពលរដ្ឋ រស់នៅ ៣០០ គ្រួសារ បានប្រកបរបរចៀរជ័រច្បោះ នេះ ជាងពាក់កណ្តាល ទៅហើយ។
បន្ថែមពីនេះ លោកនង ដេង បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ ” តាមពិតទៅ ដើមច្បោះមួយដើម គេអាចយកជ័រ ក្នុងមួយខែ ៣ ដង ហើយគេអាចដង គ្រប់ខួប ពោលគឺអាចទាញយកជ័របាន ពេញមួយឆ្នាំតែម្តង។ ចំពោះដើមច្បោះ មួយដើម ក្នុង១ថ្ងៃ អាចផ្តល់ជ័រ ២ ទៅ ៣ លីត្រ និងដើមខ្លះ ក៏បានតិចជាងនេះ។ ចំពោះដើមច្បោះ ដែលផ្តល់ជ័របាន តិចបំផុត គឺស្ថិតខែ ៣ និងខែ ៤ ដែលជាខែក្តៅបំផុតនោះ ជ័រមិនសូវចេញទេ ។ បន្ទាប់ពីឈាន ចូលដល់ខែ ៥ ទៅ ជ័រច្បោះ វា នឹងផ្តល់ជ័រច្រើន ដូចធម្មតាវិញ ” ។
លោកប្រធានសហគមន៍ បន្ថែមទៀតថា សព្វថ្ងៃ ប្រជាជន ជនជាតិដើមភាគតិច អាចប្រមូលអនុផល ពីជ័រច្បោះម្តងៗ បានចាប់ពី ៣ ទៅ ៤ កាន ដែលក្នុងមួយកាន មានចំណុះ ៣០ លីត្រ ឬក៏លើសពីនេះ ទៅតាមដើមច្បោះ ដែលពួកគាត់មាន។ ដោយពួកគាត់ ត្រូវចំណាយពេល ប្រហែលជា ២ យប់ ៣ថ្ងៃ ក្នុងការចូលព្រៃ ដើម្បីប្រមូលផល ហើយពួកគាត់ អាចលក់ជ័រទឹក ទៅឲ្យឈ្នួញកណ្តាលបានមួយ កាន ចាប់ពីតម្លៃ ៧ ម៉ឺនរៀល ទៅដល់ ៨ ម៉ឺនរៀល គ្រាន់ផ្គត់ផ្គង់ជីវភាពគ្រួសារដែរ។
គួរជម្រាបថា ចំពោះអត្ថប្រយោជន៍របស់ជ័រច្បោះ គេអាចយកវាមកលាយ ជាមួយជ័រចុង ទុកសម្រាប់បិត ឬក៏លាបទូក កុំឲ្យជ្រាបទឹក និងប្រើសម្រាប់ធ្វើគប់ភ្លើង ឬចន្លុះ ក៏បាន។ ដោយសារតែជ័រច្បោះ មានភាពស្អិតខ្លាំង អាចធ្វើឲ្យគេលាបនៅលើផ្ទៃ ខាងក្រៅឥដ្ឋ ដើម្បីបន្សារពីដុំឥដ្ឋ ទៅដុំឥដ្ឋមួយទៀត ពេលសាងសង់ប្រាសាទ ផងដែរ កាលពីសម័យដើម។
គួររម្លឹកដែរថា ជនជនដើមភាគតិចកួយ បានចែកកេរ្តិ៍មរតដើមជ័រច្បោះដែលមាននៅ ក្នុងព្រៃ ព្រះរការ ឲ្យទៅកូនចៅ របស់ពួកគាត់ ពីមួយជំនាន់ ទៅមួយជំនាន់ ដើម្បីប្រកបរបរចិញ្ជឹមជិវិត ជាប្រចាំថ្ងៃ។ ចំពោះវិធីដែលបងប្អូន ជនជាតិដើម ភាគតិចកួយ ដងជ័រច្បោះ ពីដើមឈើទាល ដើមផ្ចឹក និងដើមឈើត្រាច គឺពួកគាត់ ត្រូវចោះដើមឈើ យកមុខប្រហែលជា ៦០ សង់ទីម៉ែត្រ និងធ្វើការដុតភ្លើង ត្រង់កន្លែងចោះនោះ ដើម្បីឲ្យវាចេញជ័របានល្អ និងដងយកជ័រច្បោះ ដាក់កាន។ បន្ទាប់មកទៀត ពួកគាត់មានធ្វើជា ឧបរកណ៍ដាក់បាំងទឹកភ្លៀង កុំឲ្យហូរចន្លោះ នាំឲ្យខួចខាតជ័រច្បោះ របស់ពួកគាត់៕ដោយ៖សហការី