ភ្នំពេញ៖ ស្រី្តម្នាក់បានដើរស្រែកទ្រហោរយំ រហូតដួលសន្លប់តាមផ្លូវ ព្រោះតែប្រាប់ការពិតដល់ប្តី តែប្តីមិនជឿ ក្នុងករណីដែលមានបុរសម្នាក់ទូរស័ព្ទច្រឡំចូលទៅលេខរបស់នាង ហើយនាងនិយាយទៅកាន់បុរសនោះយ៉ាងយូរធ្វើឲ្យប្តីប្រចណ្ឌខឆងដាច់ក្បាលកន្ទុយ ។
ហេតុការណ៍នេះបានធ្វើឲ្យភ្ញាក់ផ្អើលកាលវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវព្រះមុនីរ៉េត ទល់មុខវត្តស្ទឹងមានជ័យ ក្នងសង្កាត់ស្ទឹង មានជ័យខណ្ឌមានជ័យ។
ស្រី្តរងគ្រោះត្រូវបានគេស្គាល់ឈ្មោះស្រី ម៉ៅ អាយុ២៥ឆ្នាំ មុខរបរ មេផ្ទះស្នាក់ នៅផ្ទះជួលក្រោយក្រុមហ៊ុន ថៃប៊ុនរ៉ុង មានស្រុកកំនើតនៅស្រុកពាមជរខេត្តព្រៃវែង។
នាង ស្រី ម៉ៅ បានរៀបរាប់ប្រាប់គេឯងក្រោយពីអ្នកជិតខាងជួយគក់ច្របាច់ឲ្យងើបពីសន្លប់ទាំងទឹកភ្នែករហាមថា រូបនាងត្រូវប្ដីស្ដីបន្ទោសពីរឿងនិយាយទូរសព្ទ័ច្រឡំលេខជាមួយមនុស្សម្នាក់ដោយក្តី ប្រចណ្ឌរួចថែមទាំងបានបណ្ដេញនាងចេញពីផ្ទះទៀត។ ពេលនោះនាងបានព្យាយាមនិយាយការពិតប្រាប់ប្តីថា នាងមិនមានទំនាក់ទំនងនឹងបុរសនេះទេ ការពិតគេទូរស័ព្ទច្រឡំលេខប៉ុណ្ណោះ ប៉ុន្តែ ប្តីនៅតែមិនជឿ ធ្វើឲ្យនាងតូចចិត្តពេកក៏ចេញពីផ្ទះតាមការបណ្តញចេញរបស់ប្តីហើយក៍ដើរយំពីកើតទៅលិច។ លុះដើរមកដល់មុខវត្តស្ទឹងមានជ័យក្នុងចិត្តនាងក្តុកក្តួលខ្លាំងបានដួលសន្លប់បាត់បង់ ស្មាតីស្ដូកស្ដឹងមិនដឹងអីទាំងអស់។
ចំណែកប្រជាពលរដ្ឋឃើញហេតុការណ៍នេះវិញ បាននិយាយថា ដោយនាងដួលសន្លប់លើផ្លូវមិនដឹងមូលហេតុយ៉ាងដូច្នេះពួកគាត់បាននាំគ្នាយកប្រេងកូឡាមកជួយរឹតនិងគក់ច្របាច់ឲ្យនាង ហើយមួយសន្ទុះទើបដឹងខ្លួន។ បន្ទាប់មកទើប សមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទៅដល់ជូននាងត្រឡប់ទៅផ្ទះវិញ និងបានប្រគល់ឲ្យម្ដាយក្មេកជួយសម្របសម្រួលជាមួយប្តីឲ្យត្រូវគ្នាឡើងវិញ៕
ដោយ៖ ប្រាថ្នា