ភ្នំពេញ៖ រថយន្តដឹកស្វាយធន់ធ្ងន់មួយគ្រឿងបានបើកបុកចូលផ្ទះប្រជាពលរដ្ឋបណ្តាលអោយអ្នកបើកបររថយន្តរងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅប្រទេសវៀតណាម ដោយឡែកម្ចាស់ផ្ទះមិនមានគ្រោះថ្នាក់នោះឡើយខូចខាតតែផ្ទះប៉ុណ្ណោះ ។
ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបើកបុកចូលផ្ទះប្រជាពលរដ្ឋនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីយប់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ នៅតាមបណ្តោយផ្លូវថៃហ្គ័រ ស្ថិតក្នុងភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារ អំពៅ ។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ស-ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-3004 អ្នកបើកបររងរបួសធ្ងន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ក្រោយមកក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅប្រទេសវៀតណាម ។
ម្ចាស់ផ្ទះរងគ្រោះមាន ឈ្មោះសំអាត ភេទស្រី អាយុ៤១ឆ្នាំ មុខរបរលក់ដូរ រងការខូចខាតស្ទើរទាំងស្រុង និងម្ចាស់ផ្ទះម្នាក់ទៀតមានឈ្មោះរឹម យ៉ាត ភេទស្រី អាយុ៥៥ឆ្នាំ រងការខូចខាតមធ្យម ។
លោកវរៈសេនីយ៍ត្រី ឯក សារ៉ន អធិការរងទទួលការងារសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌច្បារអំពៅបានអោយដឹងថា រថយន្តបង្កបើកបរក្នុងទិសដៅពីតាខ្មៅសំដៅទៅផ្លូវជាតិលេខ១ មកដល់កន្លែងកើតហេតុ ស្ថានភាពផ្លូវរាងកោងហើយអ្នកបើកបរសង្ស័យផឹកគ្រឿងស្រវឹងក៍ជ្រុលចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹង បណ្តាលអោយអ្នកបើកបររថយន្តគៀបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ ចំណែករថយន្តខូចខាតធ្ងន់ធ្ងរ ដោយឡែកផ្ទះ ទី១ខូចខាតស្ទើរទាំងស្រុង ហើយផ្ទះទី២ខូចខាតមធ្យម សំណាងល្អមិនបង្កអោយម្ចាស់ផ្ទះរងរបួសនោះឡើយ ។
លោកអធិការរងបានបន្ត ករណីគ្រោះថ្នាក់នេះសមត្ថកិច្ចទុកអោយភាគីខាងរថយន្តបង្កចរចារជាមួយម្ចាស់ផ្ទះរងគ្រោះសិន បើមិនត្រូវរ៉ូវគ្នាទេនោះ រថយន្តបង្កនិងត្រូវអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីដោះស្រាយតាមច្បាប់ ។
បើតាមសម្តីស្តឋម្ចាស់ផ្ទះ រងគ្រោះទាំង២នាក់បានអោយដឹងថា ខ្លួនមិនមានបំណង ទាមទារសំណងហួសហេតុនោះទេ ព្រោះគ្នាននរណា ម្នាក់ចង់គ្រោះថ្នាក់ហើយ នេះជាករណីគ្រោះថ្នាក់ដោយអចេតនា ដូច្នេះសូមអោយ ម្ចាស់រថយន្តចេញសំណងអោយបានសមរម្យទើបអាចទទួលយកបាន ៕
ដោយ៖ សណ្តោស