ភ្នំពេញ៖ លោក ហ៊ុន សាមុត ប្រធាននាយកដ្ឋានអប់រំកាយនិងកីឡា និងលោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាត្រូវបានសមាជិកបោះឆ្នោតគាំទ្រឲ្យបន្តការងារជាសមាជិកគណៈកម្មាធិការប្រតិបត្តិ របស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិទី១០ ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នា២០១៦នៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
លោក ហ៊ុន សាមុត បានបង្ហោះសារថ្លែងអំណរគុណដល់សមាជិក គណៈកម្មការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំងអស់ដែលបានគាំទ្ររូបលោក និងបោះឆ្នោតគាំទ្រឲ្យបំពេញការងារ ជាសមាជិកគណៈកម្មាធិការប្រតិបត្តិបន្តទៀត ។
លោក ហ៊ុន សាមុត បានប្រាប់អ្នកយកព័ត៌មាននគរវត្តតាមទូរស័ព្ទឲ្យដឹងថា ខ្ញុំត្រូវបានសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបោះឆ្នោតគាំទ្រ ឲ្យនៅបន្តធ្វើជាសមាជិកគណៈកម្មការប្រតិបត្តិដដែល បន្ទាប់ពីអាណត្តិរបស់ខ្ញុំត្រូវអស់សុពលភាព ត្រឹមថ្ងៃទី១៥ខែមីនាឆ្នាំ២០១៦នោះ ប៉ុន្តែខ្ញុំបានបន្តឈរឈ្មោះជាបេក្ខភាពសមាជិកគណៈកម្មាធិការប្រតិបត្តិដដែល ហើយឆ្លងកាត់តាមការបោះឆ្នោត សមាជិកប្រតិបត្តិទាំងអស់បានគាំទ្រនិងបោះឆ្នោតឲ្យរូបខ្ញុំបន្តកិច្ចការងារជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា សម្រាប់អាណត្តិទី១០ពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០។
ការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិសម្រាប់អាណត្តិទី១០មានបេក្ខជនឈរឈ្មោះ៩នាក់ មានដូចជា លោក ហ៊ុន សាមុត, ប៉ុន សុខ , ស៊ាង សុវណ្ណ , ខូវ ឆាយ , ស្រេង ស្រ៊ាង , សៅ សុវណ្ណ , លឹម សុភាព , កា រចនា និងលោក កៅ រិទ្ធ។ ក្រោយលទ្ធផលបោះឆ្នោតពីសមាជិកសហព័ន្ធបាល់ទាត់កម្ពុជា លោក ហ៊ុន សាមុត ទទួលបានសំឡេងឆ្នោតគាំទ្ររហូតដល់ទៅ២៥សំឡេង ខណៈដែលលេខរៀងទី២បានទៅ លោក ប៉ុន សុខមានសំឡេងឆ្នោតគាំទ្រ២៤សំឡេង។
ដោយឡែកសមាសភាពសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធបាល់ទាត់កម្ពុជាអាណត្តិទី១០ ឆ្នាំ២០១៦ដល់ឆ្នាំ២០២០មានដូចជានាយឧត្តមសេនីយ៍ សៅ សុខា ប្រធាន លោក ខៀវ សាម៉េត អនុប្រធាន
លោក ឌី វិជ្ជា សមាជិក លោក តែម ម៉ឺន សមាជិក លោក អ៊ុក សិទ្ធីជាតិ សមាជិក លោក ឡា ឡៃ សមាជិកលោក ឫទ្ធី សំណាង សមាជិកលោក ដួង មាសចំរើន សមាជិកលោក ហ៊ុន សាមុត សមាជិកលោក ប៉ុន សុខ សមាជិក និង លោក លី គឹមឈុនសមាជិក៕
ដោយ៖ សារីម