ភ្នំពេញ៖ បុរសម្នាក់មកទិញគ្រឿងបន្លាស់រថយន្តមិនដឹងថាយ៉ាងមិចផងក៏ត្រូវកូនប្រុសថៅកែហាងលក់គ្រឿងបន្លាស់រថយន្តយីហោ “តំាង ងួនហេង” យកកូនសោវាយពីក្រោយបែកក្បាលហូរឈាម ។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត១០និង៣០ព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០១៦ នៅផ្ទះលេខ ៤៨Eo ផ្លូវលេខ១៦៣ សង្កាត់ទួលទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនបង្កមានឈ្មោះ ងួន ហេង ភេទប្រុស អាយុ៣៤ឆ្នាំស្នាក់នៅផ្ទះកើតហេតុខាងលើ ជាមនុស្សសរសៃប្រសាទ។ ចំណែកជនរងគ្រោះឈ្មោះ ហេង សំអាត់ ភេទប្រុស អាយុ៤៤ឆ្នាំ ស្នាក់ម្ដុំច្បារអំពៅ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញ បុរសម្នាក់បានមកទិញគ្រឿងបន្លាស់រថយន្តនៅផ្ទះកើតហេតុខាងលើតែមិនដឹងថារឿងអីនោះទេស្រាប់តែឃើញកូនប្រុសថៅកែហាងលក់គ្រឿងបន្លាស់រថយន្តយីហោ “តំាង ងួនហេង” បានដើរមកយកកូនសោវាយពីក្រោយបែកក្បាលហូរឈាម ។
ក្រោយកើតហេតុសមត្ថកិច្ចក៏បានចុះទៅកន្លែងកើតហេតុក៏បាននាំខ្លួនជនសង្ស័យយកទៅសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទួលទំពូង១ ។ ចំណែកជនរងគ្រោះត្រូវបានគេដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ៕
ដោយ៖ ស រស្មី