លោក នេត្រ ភក្ត្រា៖ សង្គមស៊ីវិលខ្លះពូកែសម្តែងធ្វើជាអ្នកស្រឡាញ់បរិស្ថាន​ និងធនធានធម្មជាតិ តែធាតុពិតធ្វើនយោបាយតូបនីយកម្ម និងធ្វើជាចំណាប់ខ្មាំងដើម្បីចិញ្ចឹមទំនាស់ និងចិញ្ចឹមចលនារបស់ខ្លួនតែប៉ុណ្ណោះ

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​ បានប្រកាសបន្តពង្រឹងបន្ថែមទៀត នូវភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលបាន សហការល្អ ប្រកបដោយវិជ្ជាជីវៈ និងការទទួល ខុសត្រូវ មានភាពស្មោះត្រង់ និងបានកំពុងចូលរួម ផ្នែកជំនួយបច្ចេកទេសជាមួយរាជរដ្ឋាភិបាល និងក្រសួងបរិស្ថានក្នុងការការពារនុងអភិរក្សធនធាន ធម្មជាតិនៅកម្ពុជា។

ជាក់ស្ដែង​មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ​ បានថ្លែង​នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១នេះថា បច្ចុប្បន្ននេះ ក្រសួងបរិស្ថាន បាននិងកំពុងធ្វើកិច្វសហប្រតិបត្តិការយ៉ាងល្អ និងប្រកបដោយផ្លែផ្លាជាមួយដៃគូអភិវឌ្ឍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានប័នជាតិនិងឯកជន សមាគមនិងអង្គការមិនមែនរដ្ឋា ភិបាលជាតិនិងអន្តរជាតិប្រមាណ១០០ស្ថាប័នក្នុង វិស័យបរិស្ថាន និងធនធានធម្មជាតិដែលផ្តោតសំខាន់លើកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ និងការអភិវឌ្ឍដោយ ចីរភាព។ នេះមិនគិតពីសហគមន៍តំបន់ការពារធម្មជាតិជិត ២០០ ដែលមានទីតាំងនៅក្នុងនិងជុំវិញតំបន់ការពារធម្មជាតិនៅកម្ពុជាដែលបាននិងកំពុង ចូលរួមយ៉ាងសកម្មជាមួយក្រសួងបរិស្ថានចូលរួម ទទួលខុសត្រូវលើកិច្ចការអភិរក្សធម្មជាតិ។

លោក នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថា៖ «ដៃគូអភិវឌ្ឍន៍ ទីភ្នាក់ងារអង្គការសហប្រជាជាតិ ស្ថានប័នជាតិនិងឯកជន សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ​ និងអន្តរជាតិទាំងនេះ​ បានចុះអនុស្សរណៈនៃការយោគយល់ កិច្ចព្រមព្រៀងនិង កិច្ចសន្យាស្របតាមច្បាប់ជាធរមានដើម្បីធ្វើសកម្មភាពស្របច្បាប់ ចូលរួមចំណែកជាមួយរាជរដ្ឋា ភិបាលក្នុងការងារបរិស្ថាន និងធនធានធម្មជាតិ។ មិនតែប៉ុណ្ណោះ​ក្រសួងបរិស្ថាន​ សូមសម្តែងនូវអំណរគុណចំពោះស្ថាប័ន និងអង្គភាពទាំងនេះដែលបានគោរពច្បាប់ និងចូលរួមសហការ ប្រកបដោយភាពស្មោះត្រង់ ក្នុងគោលដៅបម្រើឱ្យផលប្រយោជន៍ជាតិពិតប្រាកដ ហើយបច្ចុប្បន្ននេះបាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងសកម្មជាមួយក្រសួង បរិស្ថាននៅតាមតំបន់ការពារធម្មជាតិនានាក៏ដូចជានៅលើផ្នែកផ្សេងទៀត»។

ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការ បានថ្លែងបន្ថែមថា ក្រសួងបរិស្ថានត្រៀមខ្លួនជានិច្ច​ និងស្វាគមន៍រាល់ការចូលរួមការពារអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនានានៅក្នុងតំបន់ការពារធម្មជាតិសម្រាប់ដៃគូផ្សេងទៀតដែលបានគោរពរតាមគោលការណ៍ណែនាំនីតិវិធីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ និងប្រកបដោយការទទួលខុសត្រូវ មានភាពស្មោះត្រង់ក្នុងកិច្ចសហប្រតិបត្តិការ។ លោក​ ថ្លែងបន្តថា យោងតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដើម្បីចូលរួមសកម្មភាពក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិ គឺចាំបាច់ទាំងសហគមន៍តំបន់ការពារ ធម្មជាតិ និងរូបវ័ន្តបុគ្គល ឬនីតិបុគ្គលត្រូវមានកិច្ចព្រមព្រៀងជាមួយក្រសួងបរិស្ថានជាមុនសិន មិនមែនចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះឡើយ។ បច្ចុប្បន្ន សមាគមនិងអង្គការមិនមានរដ្ឋាភិបាលទាំងជាតិ នុងអន្តរជាតិដែលកំពុងចូលរួមជាមួយក្រសួងបរិស្ថាបសុទ្ធតែមានកិច្ចព្រមព្រៀងនិងមានការចុះអនុស្សរណៈត្រឹមត្រូវ។

បន្ថែមពីនេះ​ លោក នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ទៀតថា កន្លងទៅនេះ ក្រសួងបរិស្ថាន​ សង្កេតឃើញថាក្រុមបណ្តាញ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតូច ដែលខ្លះថែមទាំងមិនទាន់បានចុះបញ្ជីត្រឹមត្រូវស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល បាននិងកំពុងលួចធ្វើសកម្មភាពបែបអនាធិបតេយ្យ នៅក្នុងតំបន់ការពារធម្មជាតិ ដោយមិនព្រមសហការជាមួយក្រសួងមានសមត្ថកិច្ច និងបានធ្វើសកម្ម ភាពបំពានច្បាប់ជាធរមាន។

មន្ត្រីជាន់ខ្ពស់រូបនេះ​ បានថ្លែងសង្កត់ធ្ងន់ថា៖ «ពួកគេមួយចំនួនជាសកម្មជននយោបាយសុទ្ធសាធ ដែលលួចធ្វើសកម្មភាពជ្រកក្រោមស្លាក អ្នកស្រឡាញ់បរិស្ថាន និងធនធានធម្មជាតិដើម្បីទាក់ទាញការចាប់អារម្មណ៍និងការគាំទ្រ និងបម្រើឱ្យរបៀបវារៈនយោបាយទុច្ចរិត។ ចំណែក​ការធ្វើយុទ្ធនា​ និងសកម្មភាពនានារបស់ក្រុមចលនាខុសច្បាប់ដោយប្រើប្រាស់ហិរញ្ញប្បទានខុសច្បាប់ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិគឺជាការអនុវត្តផែនការចាស់ ក្នុងចេតនាទុច្ចរិត បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា នៅលើឆាកអន្តរជាតិ និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងវិស័យបរិស្ថាន ធនធានធម្មជាតិ និងគោលដៅចុងក្រោយព្យាយាមក្នុងការធ្វើវិទ្ធង្សនាប្រឆាំងកម្ពុជា បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ​ ពួកគេពិតជាពូកែសម្តែងធ្វើជាអ្នកស្រឡាញ់បរិស្ថាននិងធនធានធម្មជាតិ តែធាតុពិតជាការយកបរិស្ថាននិងធនធានធម្មជាតិធ្វើនយោបាយតូបនីយកម្ម និងយកធ្វើជាចំណាប់ខ្មាំងដើម្បីចិញ្ចឹមទំនាស់ និងចិញ្ចឹមចលនារបស់ខ្លួនតែប៉ុណ្ណោះ។

អ្នកនាំពាក្យរូបនេះ​ បានថ្លែងបន្តទៀតថា ពួកគេមិនអនុវត្តតាមច្បាប់ សមាគម និងអង្គការក្រៅរដ្ឋាភិបាលដែលបាន នឹងកំពុងធ្វើសកម្មភាពបច្ចុប្បន្នខ្លះមិនបានចុះបញ្ជីត្រឹមត្រូវ ធ្វើសកម្មភាពមិនស្របច្បាប់ ដើម្បីបង្កើតមុខរបរសម្រាប់ក្រុម និងបក្ខពួកខ្លួន បែរជាមកតាំងខ្លួនជាអ្នកការពារព្រៃឈើទៅវិញ។ ក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនតែងតែទាមទារឱ្យមានការគោរពច្បាប់ឱ្យបានពេញលេញ ប៉ុន្តែសង្គមស៊ីវិលទាំងនោះត្រូវចោទសួរខ្លួនឯងថា តើពួកគេបានអនុវត្ត និងបានបំពេញគ្រប់តាមលក្ខខណ្ឌនៃច្បាប់កម្ពុជាដែរ ឬទេ ហើយតើពួកគេទទួលបានថវិកាពីណាមកធ្វើសកម្មភាព?

ជាមួយគ្នានេះ​ លោក​ នេត្រ ភក្ត្រា​ បានស្នើដល់ប្រទេសម្ចាស់ជំនួយមួយចំនួនគួរធ្វើការងារ និងគាំទ្រចំពោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលណាដែលគោរពច្បាប់ត្រឹមត្រូវ និងមានរបៀបវារៈច្បាស់លាស់ក្នុងការជួយលើវិស័យបរិស្ថាន និងធនធានធម្មជាតិ នោះទើបជាការជួយវិស័យនេះពិតប្រាកដ។ ក្រសួងបរិស្ថានគ្មានផលប្រយោជន៍អ្វីទៅប្រឆាំងនឹងអ្នកស្រឡាញ់ និងចូលរួមការពារធនធានធម្មជាតិឡើយ ប៉ុន្តែតម្រូវឱ្យទាំងអស់គ្នាគោរពច្បាប់ជាធរមាន និងធ្វើសកម្មភាពស្របតាមច្បាប់កំណត់ ប្រកបដោយការទទួលខុសត្រូវ និងដោយក្តីស្មោះត្រង់ក្នុងភាពជាដៃគូ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាពិតប្រាកដ និងដើម្បីរួមកម្លាំងគ្នាថែរក្សាធនធានធម្មជាតិកម្ពុជា ឱ្យបានគង់វង្សសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត។

លេីសពីនេះ​ លោក​ នេត្រ ភក្ត្រា​ បានសម្តែងការសោកស្តាយដែលក្រុមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបាននឹងកំពុងចាញ់ក្នុងឧបាយកលនៃម្ចាស់ជំនួយរបស់ខ្លួន និងធ្វើសកម្មភាពប្រឆាំងនឹងជាតិខ្លួនឯង និង មើលឃើញជាតិក្នុងផ្លូវអវិជ្ជមានជានិច្ច។ បន្ថែមពីនេះ​ លោក បានគូសបញ្ជាក់បន្ថែមថា អ្នកប្រព្រឹត្តបទល្មើសត្រូវប្រឈមមុខច្បាប់ជាធរមាន ទោះអ្នកនោះជាអ្នកកាប់បំផ្លាញឈើ ទន្ទ្រានដី បរបាញ់សត្វ ឬក្រុមសកម្មជននយោបាយជ្រកក្រោមស្លាក អ្នកការពារព្រៃឈើក៏ដោយ ឱ្យតែប្រព្រឹត្តបទល្មើស ធ្វើសកម្មភាពដោយរំលោភបំពានច្បាប់ ធ្វើសកម្មភាពដោយគ្មានចុះកិច្ចព្រមព្រៀងស្តីពី ការចូលរួមគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិរវាងរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិនៃក្រសួងបរិស្ថាន ដែលបានកំណត់នៅក្នុងច្បាប់ស្តីពី តំបន់ការពារធម្មជាតិដែលមានជាធរមាន។ ប្រសិនបើបន្តប្រព្រឹត្តល្មើសនោះក្រសួងបរិស្ថានគ្មាន ជម្រើសអ្វីក្រៅពីអនុវត្តតាមច្បាប់ដែលមានជាធរមាននោះឡើយ។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា៖​ នេះមិនមែនជាការរឹតត្បិតសិទ្ធិសេរីភាពជនណាម្នាក់ ឬក្រុមណាមួយឡើយ ប៉ុន្តែជាការពង្រឹងការអនុវត្តច្បាប់ដោយគ្មានការលើកលែង ហើយក្រុមអង្គការសង្គមស៊ីវិលគួរលើកតម្កើងការអនុវត្តច្បាប់ជាជាងប្រើការតស៊ូមតិក្លែងក្លាយ និងយក បញ្ហាបរិស្ថាន និងធនធានធម្មជាតិមកធ្វើអាជីវកម្មនយោបាយ និងតម្រូវចិត្តម្ចាស់ជំនួយខ្លួន។ កម្ពុជាគោរព សិទ្ធិមនុស្ស និងមានលំហសេរីភាព និងប្រជាធិបតេយ្យពេញលេញស្ថិតក្រោមដំបូលច្បាប់ តែមិនមែនជាសេរីភាព និងប្រជាធិបតេយ្យបែបអនាធិបតេយ្យដែលសមាគម និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនចង់បានឡើយ៕ដោយ​៖សហការី​

...

រូបភាព​៖ឯកសារ​ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print