ទេីប​ហើយ​! មនុស្ស​ ៤នាក់ស្លាប់ជាបន្តបន្ទាប់ សង្ស័យពុលស្រាស ស្រាថ្នាំនៅស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង៖​ យ៉ាងហោចណាស់​មនុស្ស​ចំនួន​ ៤នាក់បានស្លាប់​ជាបន្ដបន្ទាប់​ សង្ស័យពុលស្រាសស្រាថ្នាំ​ នៅក្នុងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ នេះបើ​តាមការបញ្ជាក់ពី​លោក ហ៊ី ធួក អភិបាលស្រុកពារាំង​ កាលពីរសៀលថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ​២០២១ម្សិលមិញ​នេះ​។

អភិបាលស្រុកពារាំង​ បានបន្តថា​ ជនរងគ្រោះទាំង​ ៤នាក់ដែលស្លាប់ខាង​លេីនេះ​ ទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ,ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ,ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ ,និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។

លោក ហ៊ី ធួក បានបន្ថែមទៀតថា ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​កាលពីថ្ងៃទី១៩​ ខែមិថុនា​ ឆ្នាំ​២០២១ បន្ទាប់ពី​មានជនរងគ្រោះម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់នៅនឹងផ្ទះរបស់ពួកគាត់។ ចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង៤នាក់ខាងលើនេះ ក្រោយកេីតហេតុ​ភ្លាម​ៗ​ សមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលថ្ងៃនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាស​ និងស្រាថ្នាំដូចគ្នា។

លោកអភិបាលស្រុករូបនេះ​ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្ន​ទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់កេីតហេតុនោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។

ដោយឡែក​ជុំវិញករណីនេះដែរ​ ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំង​ លោកវេជ្ជបណ្ឌិត ហួត កណ្យាណ​ បានឱ្យដឹងនៅរសៀលថ្ងៃទី២០​ ខែមិថុនានេះថា៖ ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចាន់នោះ ក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យរួចហើយ ជំហាន​ដំបូងគឺយេីងពិនិត្យរកមេរោគកូវីដ-១៩ជាមុនសិន ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្មណ៌ ប៉ុន្តែ​ក្រោយ​ធ្វើ​តេស្ត​រួចលទ្ធផលបង្ហាញថា៖ ជនរងគ្រោះទាំងអស់​ គឺអវិជ្ជមាន។

ក្រោយកេីតហេតុ​ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៌ឯរាជធានីភ្នំពេញ ដើម្បីពិនិត្យបញ្ជាក់ឱ្យច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print