ការអនុវត្ត​រុះរើបែ​ចិញ្ចឹម​ត្រី ផែ​ដាយ​ត្រី ផ្ទះ​បណ្តែត​ទឹក និងសំណង់​មិន​រៀបរយ​នៅលើ​ច្រាំងទន្លេ​ទេ​,​ ពេល​នេះសូម្បី​ទីស្នាក់ការ​ជលផល​ក៏ត្រូវ​រុះរើ​ហើយ​ដែរ​

ចែករំលែក៖

ភ្នំពេញ៖​ បន្ទាប់​ពី​សេចក្ដី​ជូនដំណឹងរ​បស់​រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពីកន្លងទៅ​ថ្មីៗ​នេះ​ឱ្យ​​រុះ​រើបែ​ចិញ្ចឹម​ត្រី ផែ​ដាយ​ត្រី ផ្ទះ​បណ្តែត​ទឹក សំណង់​មិន​រៀបរយ​នៅលើ​ច្រាំងទន្លេ​ ពេល​នេះ​សូម្បី​ស្នាក់ការ​នៅលើ​ទឹករបស់​អធិការដ្ឋាន​ជលផលចតុមុខ​ ក៏ត្រូវ​បាន​រុះ​រើចេញ​អស់ហើយ​ដែរ​។​

​ជាក់ស្ដែង​បេីតាមការ​បញ្ជាក់ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជល​រាជធានី​ភ្នំពេញ​ ​លោក ងិន ឌី បាន​ថ្លែង​ឱ្យ​ដឹង​នៅ​ថ្ងៃទី​២១​ ​ខែមិថុនា​ ​ឆ្នាំ​២០២១​នេះថា៖ បែ​ចិញ្ចឹម​ត្រី ផែ​ដាយ​ត្រី និង ក្បូន​ឬ​ស្សី​នៅ តាម​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ឬ​ស្សី​កែវ​ បាន​ចាកចេញ​អស់ហើយ​នៅ​ព្រឹក​មិញនេះ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​រូបនេះ​ ថ្លែងបន្តថា​ ​មិនមែន​តែ​បែ ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង សំណង់​មិន​រៀបរយ​នៅលើ​ច្រាំងទន្លេ​ទេ​ដែល​បាន រុះរើ​ចេញ សូម្បីតែ​ស្នាក់ការ របស់​ផ្នែក​ជលផល​ឬ​ស្សី​និង​ស្នាក់ការ​លើទឹក​របស់​អធិការដ្ឋាន​ជលផល​ចតុមុខ ក៏ត្រូវ​បាន​រុះ​រើចេញ​អស់ហើយ​ដែរ ដោយឡែក​សំណង់​មិន​រៀបរយ​លើ​ច្រាំងទន្លេ កំពុង​ត្រូវបាន​គេ​រុះរើ​សម្អាត​ដោយ​ខ្លួនគេ​។​

​គួរជម្រាបថា​ កាលពី​ថ្ងៃទី​២​ ខែមិថុនា​ ឆ្នាំ​២០២១កន្លងទៅនេះ​ លោក​ ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​​ បានប្រកាស​ជូនដំណឹងដល់​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណជន ទាំងអស់​ជ្រាបថា៖ កន្លងមក​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​លបលួច​ធ្វើ​បែ ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ កន្លែង​ខ្លះ​បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​យ៉ាង​អនាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់​ប៉ះពាល់​ដល់​ផ្លូវ​នាវាចរណ៍ ប៉ះពាល់​ដល់​ប្រព័ន្ធ អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម ត្រី និង​ការបញ្ចេញ​កាកសំណល់ ការ​បន្ទោ​របង់​ពាសវាល​ពាសកាល​ក្នុង​ទន្លេ​ធ្វើឱ្យ ខូចខាត​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវៈចម្រុះ​ក្នុង​ទឹក​ខូចគុណភាព​ទឹក​បំពុលបរិស្ថាន និង ប៉ះពាល់​ដល់​សោភ័ណភាព​រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព នៃ ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ។​

​ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន​ជីវៈចម្រុះ​គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព អសកម្ម​ខាងលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់​ត្រូវ​រុះរើ ឬ ចល័ត​ចេញ​ជាបន្ទាន់​ដោយ​ទុក​រយៈពេល​០១ ( មួយ ) សប្ដាហ៍ គិត​ចាប់ពី​កាល បរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ ។

ផុត​រយៈ​ពេលនេះ​រដ្ឋបាល​រាជធានី ភ្នំពេញ នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ ការបាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុងករណី​រឹងរូស​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​តាមផ្លូវ​ច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាល​រាជធានី ភ្នំពេញ​ស្នើ​បងប្អូន​ប្រជាពលរដ្ឋ​ប្តូរ​ទម្លាប់​ពី​ការចិញ្ចឹម​ត្រី​តាម​បែ លើ​ផ្ទៃ​ទន្លេ​នៅ​ភូមិសាស្ត្រ​រាជធានីភ្នំពេញ មក​ចិញ្ចឹម​ត្រី​តាម​ស្រះ​វិញ ។​

​ជាមួយគ្នានេះ​ រដ្ឋបាល​រាជធានី​ភ្នំពេញ​ មាន​ក្តីសង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ និង សាធារណជន​ជាពិសេស​ម្ចាស់​បែ​ចិញ្ចឹម​ត្រី​ម្ចាស់ផ្ទះ​បណ្តែត​ទឹក​ម្ចាស់ផ្ទះ​តូចៗ និង ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់​នឹងចូលរួម​អនុវត្តតាម​ខ្លឹមសារ សេចក្តីជូនដំណឹង​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ផលប្រយោជន៍រួម របស់​រាជធានី​ភ្នំពេញ៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print