ខេត្តស្វាយរៀង៖ ពិតជារំភើបមែនរយះពេល២ថ្ងៃក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងនិងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ជួយសង្គ្រោះសម្រាលកូនស្ត្រី៣នាក់ដែលមានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩និងកំពុងសម្រាកព្យាបាលទទួលបានជោគជ័យ។
យោងតាមអាខោនហ្វេសបុកមន្ទីពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះថា
នាថ្ងៃអាទិត្យ ១១កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៧និង៤០នាទីព្រឹក ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩មានអាស័យដ្ឋាននៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនស្រីមានទំងន់៣ គីឡូក្រាម ដ៏ស្រស់ស្អាតគួរអោយស្រលាញ់ម្នាក់។
ហើយនៅថ្ងៃចន្ទ ១២កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២ទាបភ្លឺ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានបន្តជួយសម្រាលកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ ដែលវិជ្ជមានកូវីដ-១៩មានអាស័យដ្ឋាននៅភូមិអង្គក្ដួច ឃុំព្រះពន្លា ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើច័ត្តាឡីស័កនិងព្យាបាលជំងឺ ដោយទទួលបានកូនប្រុសម្នាក់ទំងន់២.៨ គីឡូក្រាម សរុបគឺជាករណីទី១២ផងដែរសម្រាប់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
ចំណែកអាខោនហ្វេសបុករបស់មន្ទីរពេទ្យបង្អែកសាមគ្គីរំដួលបានបង្ហោះថា សូមចូលរួមនូវការអបអរសាទរចំពោះ ស្រ្តីផ្ទៃពោះម្នាក់ ឈ្មោះ កៃ ស្រីមុំ អាយុ ៣២ឆ្នាំ មានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩ ហើយឈឺពោះសម្រាលកូនទី២ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលជួយសង្គ្រោះសម្រាលបានកូនប្រុសម្នាក់ ទម្ងន់៣.១គីឡូ ក្រាម នៅវេលាម៉ោង១២:៥១នាទី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានទទួលដោយជោគជ័យ។
សូមបញ្ជាក់ថាក្រោយសម្រាល ទាំងម្តាយ និងកូនមានសុខភាពល្អកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ហើយនេះជាករណីទី២ នៅមន្ទីរពេទ្យសាមគ្គីរំដួលដែលបានជួយសង្គ្រោះសម្រាលកូនស្រ្តីមានផ្ទៃពោះហើយមានផ្ទុកវិជ្ជមានមេរោគកូវីដ-១៩ ។
សូមបញ្ជាក់ជូនសាធារណជនផងដែរថា ស្រ្តីខាងលើមានអាសយដ្ឋាន ភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
បងប្អូនក្រុមគ្រួសារស្ត្រីដែលឆ្លងទន្លេនេះសូមអរគុណដល់ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ដែលបានខិតខំអស់ពីកម្លាំងកាយ ចិត្តយកចិត្តទុកដាក់ជួយសង្គ្រោះ ពិនិត្យព្យាបាល ថែទាំអ្នកជំងឺ និងសូមជូនពរក្រុមការងារទាំងអស់ជូបប្រទះតែសេចក្តីសុខគ្រប់ប្រការកុំបីឃ្លាងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន