ខេត្តកែប៖ បេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកែប នៅព្រឹកថ្ងៃអង្គារទី២២ ខែមិថុនា ឆ្នាំ២០២១ បានដាក់ចេញនូវវិធានការរដ្ឋបាល ជាបណ្ដោះអាសន្ន ក្នុងភូមិសាស្ត្រខេត្តកែប មានរយៈពេល ១៤ ថ្ងៃ គិតចាប់ពី ថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃជំងឺកូវីដ-១៩។
នៅក្នុងសេចក្តីជូនដំណឹងខាងលេីនេះ បានបញ្ជាក់ថា ក្នុងការអនុវត្តវិធានការ រដ្ឋបាលនេះ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាព អាជីវកម្ម ចំពោះអាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេ ហាងភេសជ្ជៈ និងភោជនីយដ្ឋាន នៅតាមផ្ទះសំណាក់ សណ្ឋាគារ កន្លែងលក់ដូរ ចាប់ពីចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ទៀបភ្លឺ ជាកំហិត ប៉ុន្តែអាចលក់អាហារ វេចខ្ចប់បាន។
ជាមួយគ្នានេះ ចំពោះការផ្អាកជាបណ្ដោះអាសន្នខាងលើនេះ មានដូចជា៖ ការប្រមូលផ្ដុំ ឬការជួបជុំគ្នាទទួលទាន អាហារ ភេសជ្ជៈ ឬ ទទួលទានគ្រឿងស្រវឹង នៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ទៀបភ្លឺ លើកលែងតែក្នុងករណី ការជួបជុំ ក្នុងចំណោមគ្រួសារ សមាជិកគ្រួសារ ដែលរស់នៅក្នុងលំនៅឋាន ឬទីសំណាក់ ជាមួយគ្នា ការរៀបចំពិធីបុណ្យសព ដោយគោរព តាមការកំណត់ របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ បុគ្គលិកសុខាភិបាល ដើម្បីយកវត្ថុសំណាក បុគ្គលដែលជាប់ពាក់ព័ន្ធ ដោយផ្ទាល់ ឬ ប្រយោល ជាមួយអ្នកផ្ទុក ជំងឺកូវីដ ១៩ ឬដើម្បីយកអ្នក ដែលផ្ទុកជំងឺកូវីដ ១៩ ក៏ដូចជា បុគ្គលិក សុខាភិបាល ដែលបំពេញការងារ សង្គ្រោះបន្ទាន់ ផ្សេងទៀត។
ការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ច កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាល គ្រប់លំដាប់ថ្នាក់ ក្នុងការបំពេញការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ និងការជួបជុំ មនុស្ស ដែលមានភាពចាំបាច់ សម្រាប់បម្រើផលប្រយោជន៍ សាធារណៈ ឬក្នុងគោលបំណង ផ្សេងទៀត តាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
លើសពីនេះ ផ្អាកជាបណ្ដោះអាសន្ន នូវការធ្វើចរាចរណ៍ ក្នុងភូមិសាស្ត្រខេត្តកែប នៅចន្លោះ ម៉ោង ២០ ដល់ម៉ោង ៥ ទៀបភ្លឺ លើកលែងតែក្នុងករណី ការធ្វើដំណើរមួយចំនួន ដោយមូលហេតុ សុខភាពបន្ទាន់ និងមូលហេតុចាំបាច់ ក្នុងគ្រួសារ ដែលមានលិខិតបញ្ជាក់ ឬការអនុញ្ញាតពី អាជ្ញាធរមានសមត្ថកិច្ច ដែលនៅជិតបំផុត។
ការធ្វើដំណើររបស់បុគ្គលិក ក្រុមគ្រូពេទ្យ ទាំងរដ្ឋ និង ឯកជន មន្ត្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្ម ជូនស្ថាប័ន អង្គភាព ការធ្វើចរាចរណ៍ របស់រថយន្តដឹកទំនិញ រថយន្តបាញ់បេតុង រថយន្តសម្រាប់បម្រើ ឲ្យការដឹកជញ្ជូនទំនិញផ្គត់ផ្គង់ ការដ្ឋានសំណង់ រថយន្តដឹកសំរាម សំណល់រឹង និងសំណល់វេជ្ជសាស្ត្រ ការដឹកជញ្ជូនម្ហូបអាហារ របស់បុគ្គលិកបម្រើសេវាដឹកជញ្ជូន ការធ្វើដំណើររបស់បុគ្គលិក និងកម្មករ ទៅកន្លែងបំពេញ ការងារ នៅក្នុងសហគ្រាស គ្រឹះស្ថាន រោងចក្រ ឬទីតាំងអាជីវកម្ម ដែលអនុញ្ញាតឱ្យបើក ដំណើរការជាធម្មតា និងការធ្វើដំណើរ ចាំបាច់ផ្សេងទៀត ដែលមានការអនុញ្ញាត ពីអាជ្ញាធរមាន សមត្ថកិច្ច ។
បន្ថែមពីនេះ រដ្ឋបាលខេត្ត ក៏បានបញ្ជាក់ថា៖ បុគ្គល ឬក៏បុគ្គល ទាំងឡាយណា ដែលមិនអនុវត្តតាមការណែនាំ ខាងលើ នឹងទទួលការពិន័យ អន្តរកាលរបស់ រដ្ឋបាលខេត្ត ស្តីពីការពិន័យ អន្តរការណ៍ ចំពោះ បុគ្គលដែលមិនគោរព វិធានការរដ្ឋបាល ក្នុងការទប់ស្កាត់ ការឆ្លងរាលដាល នៃជំងឺកូវីដ ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ ធ្ងន់ធ្ងរផ្សេងទៀត ក្នុងភូមិសាស្ត្រ ខេត្តកែប ស្របតាមស្មារតីរបស់ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ៕ដោយ៖សហការី