ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ ប្រដាប់ដោយដាវសាម៉ូរ៉ៃ បានធ្វើសកម្មភាពកាប់ និងវាយប្លន់យកម៉ូតូMSX បានសម្រេច និងកាប់ជនរងគ្រោះម្នាក់ក្នុងចំណោម៤នាក់ បណ្តាលឱ្យរងរបួសដៃ កាលពីវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ខាងក្រោយមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត ស្ថិតក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។
បើតាមសម្តីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង ទី១ម៉ាកMSX ទី២ហុងដាឌ្រីមសេ១២៥ ជិះទៅយកខោអាវនៅម្តុំវត្តសន្សំកុសល ពេលនោះស្រាប់តែលេចមុខជនសង្ស័យមួយក្រុមមានគ្នាជិត១០នាក់ បានជិះមកគៀរឱ្យឈប់តែពួកគេមិនព្រមឈប់ ទើបក្រុមជនសង្ស័យដកដាវសាម៉ូរ៉ៃចេញមក ហើយដោយឃើញដូច្នេះមានការភ័យខ្លាចទើបឈប់ម៉ូតូ និងត្រូវពួកវាកាប់ និងវាយ បណ្តាលឱ្យជាំមុខមាត់ម្នាក់ និងម្នាក់ទៀតរបួសដៃហូរឈាម ដោយត្រូវពួកវាប្រើដាវសាម៉ូរៃកាប់ ។ បន្ទាប់ក្រុមជនសង្ស័យក៏បានយកម៉ូតូ MSX ពណ៍ ពាក់ស្លាកលេខ ភ្នំពេញ 1FC-9103 បានសម្រេច និងជិះគេចខ្លួនបាត់អស់ ហើយក៏នៅសល់ម៉ូតូ១គ្រឿង ក៏នាំគ្នាជិះទៅប្តឹងសមត្ថកិច្ចមូលដ្ឋាន និងដាក់ពាក្យបណ្តឹងដើម្បីកំណត់មុខសញ្ញាតាមចាប់ក្រុមជនសង្ស័យ ។
បើតាមការលួចបង្ហើបរបស់មន្រ្តីសមត្ថកិច្ចបានឱ្យដឹងថា គឺក្នុងយប់នោះនៅវេលាប្រហែលនឹងម៉ោងកើតហេតុ កម្លាំងអន្តរាគមន៍បានធ្វើការឃាត់ខ្លួនម៉ូតូនិច ពណ៍ស ពាក់ស្លាកលេខ១គ្រឿង ដែលគួរឱ្យសង្ស័យយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមន ដោយមិនមានឃាត់ខ្លួនម្ចាស់ម៉ូតូនោះទេ ព្រោះមិនមានប្រព្រឹត្តិនូវបទល្មើសអ្វី ។ ហើយបន្ទាប់ពីឱ្យម្ចាស់ម៉ូតូត្រឡប់ទៅវិញ ដើម្បីរង់ចាំព្រឹកស្អែកទើបយកលិខិតស្នាមមកបញ្ជាក់ តែមកសួរនាំជនរងគ្រោះនៅប៉ុស្តិ៍នគរបាលទំនប់ទឹក ទើបទទួលដំណឹងថា មានភិនភាគស្រដៀងនឹងក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពខាងលើ ៕
ដោយ៖ ជីម ភារ៉ា ដង្កោ